(ស្ទឹងត្រែង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម។
ការថ្លែងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងពិធីបើក សិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» ដែលសហការរៀបចំដោយ ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ជនពិការទទួលបានឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កម្ពុជាតែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់វិស័យពិការភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម»។
ជាមួយគ្នានេះដែរ លោក ហោ សារុន កម្ពុជាបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើកកម្ពស់សុខុមាលភាពជនមានពិការភាពតាមរយៈការដាក់ចេញគោលនយោបាយនានាទាក់ទងនឹងវិស័យពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សិទ្ធិរបស់ជនមានពិការភាពត្រូវបានធានា និងគិតគូរជាអាទិភាព ដែលក្នុងនោះ ជនមានពិការភាពទទួលបានសេវាថែទាំសុខភាព ជាពិសេសការការពារពីការឆ្លងនៃជំងឺកូវីដ១៩ ទទួលបានការបណ្តុះបណ្តាលសមត្ថភាព ការអប់រំ និងទទួលបានឱកាសការងារដូចជនទូទៅផងដែរ។
លោកបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលដល់ជនមានពិការភាពនៅតាមទីសាធារណៈ អាគារស្ថាប័នរដ្ឋ និងឯកជនរាប់ចាប់តាំងពីកន្លែងចំណតរហូតដល់ផ្លូវដើរ ផ្លូវជម្រាលចូលក្នុងអគារនានា បន្ទប់ទឹកជាដើម។ លើសពីនេះទៀត ក៏មានការកំណត់ជ្រើសរើសជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករនិយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។
លោក ហោ សារុន បានបន្ថែមថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ និងបង្កើតភាពស៊ាំក្នុងសហគមន៍រឹងមាំតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»។
ទន្ទឹមនឹងនេះដែរ លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ ដែលជាវិស័យចម្បងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ត្រូវបានយកចិត្តទុកដាក់គិតគូរពីសំណាក់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន ក្នុងនោះមានការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាផ្សព្វផ្សាយ ការបង្កើនចលនាទេសចរណ៍ផ្ទៃក្នុង ការសម្របសម្រួលការធ្វើដំណើរ រហូតដល់ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ ជាដើម ដើម្បីធានាបានភាពធន់នៃវិស័យទេសចរណ៍ និងរក្សាកិត្តិនាមនៃវិស័យទេសចរណ៍ជា «មាសបៃតង» របស់កម្ពុជា និងជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ក្រសួងទេសចរណ៍បានដាក់ចេញផែនការសកម្មភាពអនុវត្តចំពោះមុខក្នុងដំណាក់កាលដំបូងនៃជំងឺកូវីដ១៩ ក្នុងគោលបំណងធានាឱ្យបានកម្ពុជា ជាគោលទេសចរណ៍មានសុវត្ថិភាពតាមរយៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនាទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍។
ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥) ត្រូវបានសិក្សារៀបចំឡើង និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យល្អប្រសើរឡើងវិញ និងពង្រឹងការចូលរួមចំណែកដល់សេដ្ឋកិច្ច និងសង្គម។ ផែនទីចង្អុលផ្លូវនេះចែកចេញជា០៣ដំណាក់កាលធំៗរួមមាន៖ ដំណាក់កាលទី១ ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
ក្រោយការបើកទទួលទេសចរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល០៩ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តាមរយៈតួលេខនេះ យើងអាចព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១,៥លានទៅ ២លាននាក់ ដែលនេះគឺជាក្តីសង្ឃឹមមួយក្នុងការឈានឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យទេសចរណ៍ដូចមុនពេលមានវិបត្តិកូវីដ-១៩ កើតឡើង ជាពិសេសការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងជនមានពិការភាពផងដែរ។
ក្រសួងទេសចរណ៍ បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២ ភាគរយនៃចំនួនមន្ត្រីរាជការសរុប និងខិតខំជំរុញឱ្យផ្នែកឯកជននៃវិស័យទេសចរណ៍ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ ឡើងទៅ ត្រូវមានជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារក្នុងអត្រាកំណត់១ភាគរយ នៃចំនួនកម្មករ និយោជិតសរុប។
កន្លងមក ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំមួយស្តីពី ការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះក៏មានការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិន ជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យជនមានពិការភាពអាចចូលច្រៀងនិងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។ មន្ទីរទេសចរណ៍ត្រូវជំរុញការងារនេះឱ្យបានកាន់តែប្រសើរថែមទៀតត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹកចិត្តដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ៕