(ភ្នំពេញ)៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវនេះមានការខូចខាត ពិបាកក្នុងការធ្វើដំណើរ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២២ថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង កាលពីពេលថ្មីៗនេះ ក្រុមការងារមន្ទីរ បាននិងកំពុងបើកការរដ្ឋានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជាតិលេខ២ ដែលមានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល)។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺប្រើប្រាស់ពេលវេលា១ខែគត់ ដើម្បីធ្វើឲ្យកំណាត់ផ្លូវនេះ មានសោភណ្ឌភាព និងធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល។

គួររំលឹកថា អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើ និងអង្រែក្រោមខណ្ឌមានន័យ ហើយការណោះ លោកអភិបាលរាជធានី បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះឲ្យបានល្អ ដោយមិនឲ្យមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ គ្រលុកសំបុកមាន់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល៕