(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ធុរកិច្ចអាស៊ីខាងកើត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សាដូចតទៅ៖
១៖ ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៥៤
២៖ ការអនុម័តលើរបៀបវារៈកិច្ចប្រជុំលើកទី៥៥
៣៖ កិច្ចពិភាក្សាដកស្រង់បទពិសោធន៍អំពីកិច្ចប្រជុំកន្លងទៅរវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតនិងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី
៤៖ កិច្ចពិភាក្សាអំពីការត្រៀមលក្ខណៈកិច្ចសន្ទនារវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី
៥៖ បញ្ហាផ្សេងៗ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥៥ ដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ាប្រធាន បញ្ជាក់ថា មូលបទរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតសម្រាប់ឆ្នាំនេះ គឺ ការតភ្ជាប់អាស៊ីខាងកើតឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ប្រកបដោយថាមពល បរិយាប័ន្ន និងចីរភាព ដូច្នេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតត្រូវផ្តោតលើ កិច្ចការអាទិភាពចំនួន៣៖
១៖ សម្របសម្រួលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
២៖ ទាញយកប្រយោជន៍ជាអតិបរមាពីនវានវត្តន៍ឌីជីថល
និង ៣៖ កសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ដែលធន់នឹងវិបត្តិសម្រាប់ធុរកិច្ចក្នុងតំបន់។

អង្គប្រជុំបានពិភាក្សាគ្នាលើរបៀបវារៈនីមួយៗ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ និងសាទរចំពោះលទ្ធផលនៃកិច្ចសន្ទនា រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីនាពេលកន្លងទៅ។ អង្គប្រជុំ បានឯកភាពជាគោលការណ៍ទៅ លើរបាយការណ៍ដែលត្រូវដាក់ជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។
ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។

ក្រុមប្រឹក្សានេះ មានកាតព្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យនិងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ៕