(ភ្នំពេញ)៖ មកដល់បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាសរុបប្រមាណ ១.០០០នាក់ បានចុះឈ្មោះចូលរៀនថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសជប៉ុន ដោយមានជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីទស្សនកិច្ចនៅកម្ពុជា របស់លោកបណ្ឌិត គីតាអូកា
ទីប្រឹក្សាពិសេស របស់ប្រធានទីភ្នាក់ងារចៃកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
លោកបណ្ឌិត គីតាអូកា ស៉ីនិឈិ ជាអ្នកជំនាញការពិសេសខាងនយោបាយនិងការទូតទំនើបរបស់ប្រទេសជប៉ុន និងជាអតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២នេះ។ ក្នុងនាមជាទីប្រឹក្សាពិសេសរបស់ប្រធានទីភ្នាក់ងារចៃកា លោកបណ្ឌិត គីតាអូកា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត គ្រោងចុះទស្សនកិច្ចនៅស្ថាប័នមួយចំនួនដែលជាគម្រោងសហប្រតិបត្តិការរបស់ទីភ្នាក់ងារចៃកាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមន្ទីរពេទ្យសាន់រ៉ាយ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកបណ្ឌិតគីតាអូកានឹងផ្តល់ការបង្រៀនជាពិសេសចំនួន២វគ្គ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) ក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិសម្រាប់មន្ត្រីពាក់ព័ន្ធ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សម្រាប់សមាជិកនៃសមាគមអតីតកម្មសិក្សាការីចៃកាកម្ពុជា និងអ្នកទទួលអាហារូបករណ៍ផ្សេងទៀតដែលបានសិក្សានៅប្រទេសជប៉ុន។ ការបង្រៀននេះ គឺជាផ្នែកមួយនៃ «JICA Chair» ដែលជាកម្មវិធីចៃកាសម្រាប់ការសិក្សាប្រទេសជប៉ុន ស្វែងយល់ពីបទពិសោធន៍ទំនើបភាវូប- នីយកម្ម និងការអភិវឌ្ឍរបស់ប្រទេសជប៉ុន ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានទីភ្នាក់ងារចៃកា របស់លោកបណ្ឌិត គីតាអូកា ឱកាសអាហារូបករណ៍ចៃកាជាច្រើនត្រូវបានបង្កើតឡើង និងកម្មវិធីសិក្សាអភិវឌ្ឍន៍របស់ចៃកា (JICA-DSP) បានចាប់ផ្តើមនៅឆ្នាំ២០០៨ ដោយសហការណ៍ជាមួយសាកលវិទ្យាល័យដៃគូរបស់ចៃកានៅប្រទេសជប៉ុន។ តាមរយៈ JICA-DSP អ្នកទទួលអាហាររូបករណ៍ចៃកាទទួលបាននូវការយល់ដឹងយ៉ាងស៉ីជម្រៅអំពីប្រទេសជប៉ុនក្នុងអំឡុងពេលសិក្សានៅប្រទេសជប៉ុន ហើយប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
«យើងរំពឹងថា អ្នកទទួលអាហាររូបករណ៍ចៃកាម្នាក់ៗ នឹងដើរតួយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យរៀងៗខ្លួនបន្ទាប់ពីការត្រលប់មកវិញ ដោយជម្រុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន»។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមបែបនេះ៕