(ភ្នំពេញ)៖ រដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានដឹកនាំ និងពិនិត្យកែសម្រួលរបាយការណ៍វាយតម្លៃផែនការសកម្មភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្អែកតាមលក្ខណៈវិនិច្ឆ័យ និងមានមូលដ្ឋានច្បាស់លាស់។

លោកបន្តថា របាយការណ៍វាយតម្លៃផែនការសកម្មភាពនេះ នឹងក្លាយជាឯកសារយោងដ៏សំខាន់ ក្នុងការរៀបចំផែនការពាក់ព័ន្ធនានា និងការដាក់ចេញនូវយុទ្ធសាស្រ្តជាក់លាក់ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឲ្យកាន់តែមានប្រសិទ្ធភាព សំដៅសម្រេចបានគោលដៅអភិវឌ្ឃន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។

លោក វង សូត បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផែនការសកម្មភាព ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០១៧-២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូតជប៉ុន ប្រធានអង្គការយូនីសេហ្វ អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការសរុបប្រមាណជាង ២០០នាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ហ៊្វូរូ ហ៊្វូយ៉ូហ្សាត ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងនូវការអបអរសាទរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារដ៏មានសារៈសំខាន់នាពេលនេះ ហើយនឹងផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ពង្រឹងប្រព័ន្ធការពារកុមារនាពេលអនាគត ស្របតាមគោលការណ៍នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។

លោកស្រីប្រធាន ក៏បានប្តេជ្ញាគាំទ្រ និងពង្រឹងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសហគមន៍ ក្នុងការអនុវត្តផែនការសកម្មភាព VAC បន្ត និងបង្កើតផែនការសកម្មភាពថ្មីឆ្នាំ២០២៤-២០២៨ ដើម្បីធានាការការពារកុមារទាំងអស់ពីគ្រប់រូបភាពនៃអំពើហិង្សា។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ។

ទន្ទឹមគ្នានេះ យុទ្ធសាស្រ្ត «ខេមបូឌៀ ប្រូថិច» ដែលផ្តួចផ្តើមសហការរៀបចំដោយអង្គការយូនីសេហ្វ គឺជាយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងលើកកម្ពស់ការយល់ដឹង ដោយធានាថា គ្រួសារគឺជាកន្លែងមួយ ដែលមានបរិយាកាស ប្រកបដោយសុវត្ថិភាពក៏ល្អប្រសើរបំផុតសម្រាប់ការលូតលាស់ និងអភិវឌ្ឍកុមារ ដែលជាសកម្មភាពមួយនៃយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្តល់នូវអនុសាសន៍ល្អៗ ជាអាទិភាព ដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនានាឲ្យមានប្រសិទ្ធភាព និងស្នើដល់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍នានា បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ លើការរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៤-២០២៨នាពេលខាងមុខនេះ៕