Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំបុត្រទស្សនាបាល់ទាត់ចាប់ផ្តើមដាក់លក់ ស្របពេលក្រុមភ្ញៀវចិនតៃប៉ិ ក៏មកដល់កម្ពុជាថ្ងៃនេះដែរ

04-06-2016 08:17

(ភ្នំពេញ)៖ សំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងជើងទី២ កម្ពុជា ប៉ះចិនតៃប៉ិ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកចាប់ផ្តើមដាក់លក់ពីព្រឹកនេះ តទៅហើយ ខណៈដែលក្រុមភ្ញៀវក្នុងទ្វីបអាស៊ីដូចគ្នា ចិនតៃប៉ិ ក៏នឹងមកដល់ទឹកដី កម្ពុជា ថ្ងៃនេះដែរ ក្រោយបញ្ចប់ជើងទី១ ក្នុងទឹកដីរបស់គេកាលពីយប់ថ្ងៃទី០២ មិថុនា។

តាមរយៈ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសរសេរថា សម្រាប់សំបត្រទស្សនាជំនួបជើងទី២ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងចិនតៃប៉ិ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 មានតម្លៃ២ប្រភេទ គឺតម្លៃ ១០,០០០រៀល (ក្នុងដំបូល) និងតម្លៃ ៥,០០០រៀល (ក្រៅដំបូល) មុនការប្រកួតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានោះផងដែរ ការបញ្ចុះតម្លៃសំបុត្រពី ៣០០០០រៀល និង ២០០០០រៀល មកនៅត្រឹមតែ ១០០០០រៀល និង ៥០០០រៀលបែបនេះ អាចនិយាយបានថា FFC គឺផ្តល់ឱកាសឲ្យអ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានចូលទស្សនាផ្ទាល់ច្រើន ដែលជាការផ្តល់កម្លាំងចិត្តដល់កីឡាកររឹតតែមានឆន្ទះប្រកួត និងស្វិតស្វាញខ្លាំងឡើង ដើម្បីទទួលបានជោគ ជ័យជាបន្តបន្ទាប់ ដែលគេច្រើននិយមនិយាយថា «អ្នកគាំទ្រ ជាកីឡាករទី១២»។

គួរបញ្ជាក់ផងដែរថា សំបុត្រមានលក់តែមួយកន្លែងប៉ុណ្ណោះ គឺនៅក្នុងពហុកីឡដ្ឋានជាតិ។

ទន្ទឹមជាមួយការប្រកាសលក់សំបុត្រទស្សនាជើងទី២នេះដែរ ក្រុមជម្រើសជាតិកម្ពុជា ទើបតែត្រឡប់មកកម្ពុជាកាលពីយប់មិញ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ ជាមួយម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ។ ចំណែកក្រុមឆាយនីសតៃប៉ិវិញ ក៏នឹងមកដល់កម្ពុជាថ្ងៃនេះ ដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅដើមសប្ដាហ៍ក្រោយ៕