(សៀមរាប)៖ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាន-អនុប្រធានគណៈកម្មការចំនួន១៥នាក់ ចូលជួបសម្តែងការគួរសមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងជំនួបនាពេលនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មណាក៏ដោយ ត្រូវតស៊ូ ព្យាយាម អត់ធ្មត់ ការសហការគ្នាជាក្រុម មិនលាក់ប្រវត្តិ និងមានភាពប្រាកដប្រជា ក្នុងពេលវេលាខាងមុខយើងនឹងទទួលបានជោគជ័យជាក់ជាពុំខាន។ ប្រសិនបើចាប់ផ្តើមអាជីវកម្មដោយប្រើប្រាស់ទុនផ្ទាល់ខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់រួមផ្សំជាមួយ ការស្វែងយល់ពីកត្តានយោបាយ ការវិភាគលើសេដ្ឋកិច្ច ភូមិសាស្រ្ត និងផលប៉ះពាល់ផ្សេងៗទៀត។

បន្ថែមពីលើនេះ ត្រូវលើកឡើងនូវបញ្ហាគោលរួមគ្នាសម្រាប់វិស័យឯកជន ដើម្បីរកដំណោះស្រាយ ជាជាងការលើកឡើងបុគ្គល។ ជាពិសេស អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប រក្សាទំនាក់ទំនងភាពជាដៃគូ និងចុះអនុស្សរណៈជាមួយ សភាពាណិជ្ជកម្មកម្ពុជាសាខាខេត្តសៀមរាប-ឧត្តរមានជ័យ ដើម្បីដោះស្រាយបញ្ហាទូទៅសម្រាប់ម្ចាស់អាជីវកម្ម។

ជាជំនួបនាសណ្ឋាគារសុខាសៀមរាប អ្នកឧកញ៉ា គិត ម៉េង បានជូនពរដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាបទាំងអស់ រកស៊ីទទួលទានមានបាន សុខសប្បាយ បន្តអនុវត្ត៣កុំ៣ការពារ និងបន្តពង្រឹងស្មារតី សហការ រួបរួមគ្នា៕