(សៀមរាប)៖ គណៈកម្មការទេសចរណ៍អាស៊ាន (ASEAN Tourism Committees) បានជួបប្រជុំពិភាក្សានិងដាក់ចុះផែនការសកម្មភាពការងារចំបាច់ ដើម្បីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាននិងបន្តស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្នុងនោះក្រសួងទេសចរណ៍កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះប្ដូរវេនបានរៀបចំកិច្ចប្រជុំគណៈកម្មការទេសចរណ៍អាស៊ានទាំង៤ ដែលរួមមានគណៈកម្មាធិការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ានលើកទី២៨ (ATPMC) គណៈកម្មាធិការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ានលើកទី១៤ (ATCC) គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពនិងគ្រប់ជ្រុងជ្រោយលើកទី១៤ (ASITDC) និងគណៈកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃធនធានទេសចរណ៍អាស៊ានលើកទី១៤ (ATRMEC) ព្រមទាំងមានការចូលរួមពីប្រតិភូប្រទេសអាស៊ានជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាង៧០នាក់។
លោក ទ្រី ឈីវ បានបន្តថា គណៈកម្មការអាស៊ានបានគាំទ្រលើសំណើរបស់កម្ពុជាចំនួនពីរ ដែលទី១គឺការបណ្តុះបណ្តាលគ្រូបង្គោលអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការវិស័យទេសចរណ៍អាស៊ាន និងទី២ការរៀបចំយន្តការវាយតម្លៃចីរភាពទេសចរណ៍អាស៊ាន។
លោកថា គណៈកម្មការអាស៊ានបានគាំទ្រការរៀបចំនីតិវិធីក្នុងការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ដើម្បីផ្តល់ឡាប៊ែលអាស៊ាន «ភាពកក់ក្តៅ និងសុវត្ថិភាព» ជូនដល់គោលដៅទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនភាពជឿជាក់និងទំនុកចិត្តលើសុវត្ថិភាព និងគុណភាពសេវាកម្ម។
លោកបានបន្តទៀតថា គណៈកម្មការអាស៊ានបានជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឡើងវិញ (Intra-ASEAN Travel) តាមទស្សនទាន «អាស៊ានដើម្បីអាស៊ាន ឬ ASEAN for ASEAN»។
ក្រៅពីនោះ គណៈកម្មការអាស៊ានបានបន្តជំរុញការធ្វើពិពិធកម្មទេសចរណ៍អាស៊ាន ដូចជាទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) កសិទេសចរណ៍ ទេសចរណ៍ម្ហូបអាហារជាដើម។
ពិសេសលើសពីនេះ គណៈកម្មការអាស៊ានក៏បានគាំទ្រលើការរៀបចំផែនការទេសចរណ៍តាមនាវាសមុទ្រ ២០២៣ (Cruise Tourism Plan 2023) ដែលនឹងត្រូវគិតគូរផងដែរអំពីលទ្ធភាពដាក់បញ្ចូលកំពង់ទេសចរណ៍អន្តរជាតិខេត្តកំពត ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខតាមសំណើរបស់កម្ពុជា។
លោក ទ្រី ឈីវ បានបន្ថែមថា គណៈកម្មការអាស៊ានបានគាំទ្រលើការរៀបចំផែនការផ្សព្វផ្សាយអេកូទេសចរណ៍អាស៊ានតាមប្រព័ន្ធបណ្តាញសង្គម និងគេហទំព័រផ្សព្វផ្សាយអាស៊ាន ព្រមទាំងរៀបចំផែនការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ស្របតាមដំណើរការបរិវត្តកម្មទេសចរណ៍ និងឌីជីថល។
បើតាមប្រធាននាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍រូបនេះ គណៈកម្មការអាស៊ានបានគាំទ្រលើការបង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទសចរណ៍ ដើម្បីឆ្លើយទៅនឹងតម្រូវការពលកម្មក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍តំបន់ឡើងវិញ ដោយពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។
លោក ទ្រី ឈីវ បានបន្តទៀតដែរថា អង្គប្រជុំខាងលើបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ១៩លើវិស័យទេសចរណ៍អាស៊ាន លទ្ធផលនៃការប្រកាសបើកទេសចរណ៍អាស៊ាននាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF2022) នៅក្រុងព្រះសីហនុ នាដើមឆ្នាំ២០២២កន្លងទៅ ព្រមទាំងរៀបចំពង្រឹងការអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ និងផែនការស្ដារវិស័យទេសចរណ៍អាស៊ានវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិ។
គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំទាំងនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (NTOs) ដើម្បីស្នើសុំការអនុម័តដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២៣ ( ATF2023) នៅប្រទេសឥណ្ឌូណេស៊ី។ គណៈកម្មការទេសចរណ៍អាស៊ានជាអង្គភាពបច្ចេកទេសដែលត្រូវពិនិត្យវាយតម្លៃ និងអនុវត្តផែនការទេសចរណ៍អាស៊ាននានា និងមានកិច្ចប្រជុំ២ដងក្នុង១ឆ្នាំ តាមការប្ដូរវេនជាម្ចាស់ផ្ទះ៕