(ម៉ាឡេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈ Facebook របស់សម្តេច នៅម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៤ ខែមិថុនានេះថា នៅបន្តិតទៀតសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចាកចេញពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីបំពេញការងារ ដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយម៉ាឡេស៊ីរួចមក។  

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏នឹងនាំទៅជាមួយ នូវតួនាទីជាម្ចាស់ផ្ទះ នៃវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ ដែលនេះជាមោទនភាពជាតិយើងទាំងអស់គ្នា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនិយាយលេងថា ការធ្វើទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីលើកនេះ សម្តេចមិនសូវហត់ទេ ព្រោះបានប្រពន្ធសំឡាញ់​មកជាមួយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បន្តិចទៀត ខ្ញុំ និង ភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចាកចេញពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកម្ពុជាវិញ បន្ទាប់ពីបានបំពេញការងារ ដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជាជាមួយ ម៉ាឡេស៊ី។ គណៈប្រតិភូក៏នឹងនាំទៅជាមួយ នូវតួនាទីជាម្ចាស់ផ្ទះ នៃវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ ដែលនេះជាមោទនភាពជាតិយើងទាំងអស់គ្នា។ និយាយលេងបន្តិច មកលើកនេះមិន
សូវហត់ទេព្រោះបានប្រពន្ធសំឡាញ់ មកជាមួយ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី៤ថ្ងៃ ដើម្បីចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៥ និង ធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តីនៃម៉ាឡេស៊ី ដើម្បីបង្កើនចំណងដ៏ស៊ីជម្រៅ របស់ប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ៕