(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម» នៅស្នាក់ការសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ថវិកាដែលទទួលបានមានចំនួន ២៤,២១៥,០០០រៀល និង២៥,១០០ដុល្លាអាមេរិក។
ក្នុងនោះ ថវិកាដែលទទួលបានពីសប្បុរសជននាពេលនេះរួមមាន៖
១៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកស្រីឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លាអាមេរិក
២៖ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ៨,៤៣៥,០០០រៀល និង៦០០ដុល្លារអាមេរិក
៣៖ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ១៥,៥៨០,០០០រៀល
៤៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារអាមេរិក
៥៖ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល
៦៖ ក្រុមហ៊ុន Cambodian Energy Limited ឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ
៧៖ ក្រុមហ៊ុនអគ្គិសនីធ្យូងថ្ម CHDG ឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារអាមេរិក។
លោក គួច ចំរើន បានថ្លែងអំណរគុណលោក លោកស្រី ក្រុមហ៊ុនដែលបានចូលរួមបរិច្ចាគថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្តព្រះសីហនុឲ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី១៥៩ ពិភពលោកកាកបាទក្រហមអឌ្ឍ ចន្ទក្រហមអន្តរជាតិ។
ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានថ្លែងអំណរគុណ និងអំពាវនាវចំពោះ លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តចូលរួមជួយគាំទ្របរិច្ចាគថវិកា និងសម្ភារចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះជនងាយរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណ: ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយ។
លោកអភិបាលខេត្តនឹងសង្ឃឹមថា បងប្អូនសប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កាន់តែផុលផុសបន្តទៀត៕