(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្ដិ និងប្រគល់បណ្ណសរសើរ ជូនមន្ត្រីអាវុធហត្ថ។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន៨៥នាក់។
ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយបានអនុវត្ត តាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថនាពេលកន្លងមក បានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងដំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។
លោកបានណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំបម្រើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋឲ្យបានល្អប្រសើរ និងបង្រ្កាបរាល់បទល្មើស ដែលកើត មានឡើង ដែលជាហេតុបង្កអសន្តិសុខដល់សង្គមជាតិ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសពង្រឹងលើការងារ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថណា ដែលនៅពីក្រោយខ្នង ឬកាងបទល្មើសផ្សេងៗ មិនត្រូវបានលើកលែងឡើយ បើក្នុងករណីរកឃើញថា ប្រព្រឹត្តខុស ត្រូវតែអនុវត្តតាមច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានោះ លោកបានដាក់ចេញផែនការ បទបញ្ជា ដល់គ្រប់អាវុធហត្ថក្រុង-ស្រុកទាំង៩ ត្រូវត្រៀមរៀបចំកងកម្លាំងប្រចាំការ និងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ ឲ្យបានជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ បើក្នុងករណីគ្រោះទឹកជំនន់កើតមានឡើង គ្រប់កងកម្លាំងតាមគោលដៅ ត្រូវចេញអន្តាគមន៍ភ្លាមៗមិនថាយប់ ឬថ្ងៃឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំ ក៏មានការផ្តាស់ប្តូរតួនាទីភារកិច្ច មេបញ្ជាការងខេត្តចំនួន៣រូប, ដំឡើងឋានន្តរសក្ដិ ថ្នាក់វរសេនីយ៍១៥រូប ក្នុងនោះ ថ្នាក់វរសេនីយ៍ទោ៣រូប, ថ្នាក់វរសេនីយ៍ត្រី១២រូប, ថ្នាក់ពលបាលឯក៥រូប, ថ្នាក់នាយឯក៣រូប ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ថ្នាក់ក្រសួងការពារជាតិ ជូនមន្ត្រីអាវុធហត្ថដែលមានស្នារដៃ៤០រូប៕