(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹង និងចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App ដែលជាកម្មវិធីវិក្កយបត្រនាំសំណាងនោះ អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំដាក់ស្តង់នៅផ្សារម៉ាក្រូ (Makro) សែនសុខ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
នៅស្តង់របស់អគ្គនាយកដ្ឋានពន្ធដារ មានមន្ត្រីពន្ធដារជាច្រើនរូប រង់ចាំពន្យល់ពីរៀបចំចុះឈ្មោះប្រើប្រាស់ GDT Lucky Draw App ឬក៏ដូចជាការប្រើកម្មវិធីទូរស័ព្ទរបស់ពន្ធដារផ្សេងៗទៀត ដូចជា កម្មវិធីបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូន GDT Taxpayer App, កម្មវិធី GDT Check and Track ជាដើ ម ដើម្បីបង្ខិតការផ្តល់សេវាដល់អ្នកប្រើប្រាស់ ឬអ្នកបង់ពន្ធ។
ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ ធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទវិក្កយបត្រនាំសំណាង GDT Lucky Draw App អាចទទួលបាននូវកាដូជាច្រើន ពីអគ្គនាយកដ្ឋានពន្ធដារ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ស្តង់ពន្យល់ ពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App នៅផ្សារជីប ម៉ុង សែនសុខរួចហើយផងដែរ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចូលសាកសួរ និងទទួលការពន្យល់ពីរបៀបប្រើប្រាស់។
សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត។
ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាង។
ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាង របស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។
ការចាប់ឆ្នោតយករង្វាន់មានរយៈពេល៦ខែម្ដង ដោយលើកទី១ ធ្វើឡើងនៅក្នុងខែធ្នូឆ្នាំ២០២២ រង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕