(កណ្ដាល)៖ សភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោ i7 ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងគោលបំណងសិក្សាស្វែងយល់ដើម្បីជួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងផ្តល់ភាពងាយស្រួលដល់វិនិយោគិនលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកស្រី Aileen Boy អគ្គនាយិកាសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដោយមានការទទួលស្វាគមន៍ដោយលោក ភួង ពុទ្ធិ នាយកគ្រប់គ្រងក្រុមហ៊ុន Q-TCP INNOVATION ដែលជាដៃគូពាណិជ្ជកម្មក្នុងការអភិវឌ្ឍគម្រោងកសិដ្ឋាន i7 និងការធ្វើបទបង្ហាញដោយលោក សួស ថាណិត អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋាន i7 ព្រមទាំងមានការពិភាក្សាគ្នារវាងភាគីសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ក្រុមហ៊ុន Q-TCP INNOVATION និងភាគីខាងកសិដ្ឋានចិញ្ចឹមគោ i7 ព្រមទាំងដើរទស្សនាការចិញ្ចឹមគោនៅក្នុងកសិដ្ឋាន i7 ផ្ទាល់តែម្ដង។
លោក ដែង តារា អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល បានឱ្យដឹងថា ដើម្បីពង្រីកទំនាក់ទំនងកាន់តែច្រើន ដើម្បីពិនិត្យមើលទៅលើការជួយគាំទ្រដល់សហគ្រិនកម្ពុជាក្នុងវិស័យកសិកម្មនេះ ផ្ដល់ឱកាស ក៏ដូចជាភ្ជាប់ទំនាក់ទំនងទៅលើផ្នែកប្រឹក្សាយោបល់ បច្ចេកទេសនិងជំនាញរវាងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល និងសហគ្រិនកម្ពុជា ក៏ដូចជាជាមួយភាគីអ៉ីស្រាអែលផងដែរ។ តួយ៉ាងទស្សនកិច្ចនៅថ្ងៃនេះ គឺខាងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែលមានបំណងចង់ដឹងថាខាងកសិដ្ឋាន i7 មានអ្វីខ្លះ ផ្ដល់ឱកាសអ្វីខ្លះទៅដល់សហគ្រិនក្នុងវិស័យកសិកម្ម។
លោក ដែង តារា បានបន្តថា កម្ពុជានិងអ៉ីស្រាអែលអាចបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកបាននាពេលអនាគត ដូច្នេះហើយទើបភាគីទាំងពីរខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឈានទៅរកការរីកចម្រើនទាំងសងខាង។
លោក សួស ថាណិត បានបង្ហាញការរំពឹងទុកថា តាមរយៈទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែលនេះ កសិដ្ឋាន i7 នឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ពិសេសគឺស្វែងរកនូវដៃគូរវិនិយោគបន្ថែម ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
អ្នកគ្រប់គ្រងកសិដ្ឋានរូបនេះបានបន្តថា សម្រាប់កសិដ្ឋាន i7 របស់លោក គឺបើកឱកាសស្វាគមន៍ដៃគូវិនិយោគិនជាតិ-អន្តរជាតិ សហគ្រិន ឬប្រជាកសិករដែលមានបំណងចង់វិនិយោគ ឬបើកកសិដ្ឋានចិញ្ចឹមសត្វ ឬដាំបន្លែ ធ្វើចំណីសត្វ ហើយថែមទាំងផ្ដល់ការប្រឹក្សាយោបល់ ផ្ដល់សេវាកម្មសាងសង់ រៀបចំ សេវាកម្មផ្គត់ផ្គង់សម្ភារៈ បច្ចេកទេសការចិញ្ចឹម សេវាកម្មផ្គត់ផ្គង់ពូជជាដើម។
គួរជម្រាបថា ក្នុងដំណាក់កាលដំបូងនេះ កសិដ្ឋានចិញ្ចឹមគោ i7 បានអនុវត្តការចិញ្ចឹមគោយកសាច់លើផ្ទៃដីតាមតំបន់ផ្សេងៗសរុបជាង១០០ហិកតា និងកំពុងពង្រីកបន្ថែមទៀត ក៏ដូចជាពង្រីកសក្ដានុពលឱ្យក្លាយជាមជ្ឈមណ្ឌលចែកចាយពូជគោ និងផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្ដល់ការប្រឹក្សាយោបល់ ហើយទីនេះក៏ជាបណ្ដុំផលិតផលកសិកម្មមួយដែរ៕