(សៀមរាប)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអគ្គលេខាធិការអាស៊ាន បានបន្តកិច្ចប្រជុំរបស់ខ្លួន ដោយពិភាក្សា និងយកចិត្តទុកដាក់លើការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាន ក្រោយវិបត្តិកូវីដ១៩ និងផលអវិជ្ជសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ កើតចេញពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះថា កិច្ចប្រជុំនោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស បានលើកឡើងពីការប្រើប្រាស់កម្មវិធីចាក់វ៉ាក់សាំង ដើម្បីជំរុញឲ្យមានភាពសុំាសហគមន៍ ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ។

ដោយកម្ពុជាជាឧទាហរណ៍ស្រាប់ ដែលឈានមុខគេក្នុងការចាក់សាំង បង្កើនភាពសុំាសហគមន៍ ឈានដល់បើកសេដ្ឋកិច្ចឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក។ ចំពោះអត្រានៃប្រជាជនប្រទេសអាស៊ានទាំងមូល ដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ៦៩ភាគរយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលមិនទាន់បានទទួលវ៉ាក់សាំង។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានកត់សម្គាល់ថា ការបើកឡើងវិញនៃសេដ្ឋកិច្ច បានជំរុញកំណើនពាណិជ្ជកម្មរបស់អាស៊ានកើនឡើងវិញ រហូតដល់ជា ៣ ៣៤០.៦ប៊ីលានដុល្លារ កើនជាង២៥ភាគយ បើធៀបនឹងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២២នេះ រំពឹងកើនឡើងថែមទៀត។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានទទួលស្គាល់នូវបញ្ហាសង្គ្រាម ដែលនាំឲ្យមានការបន្ទច់បង្អាក់ដល់ ខ្សែច្រវាក់តម្លៃ ការឡើងថ្លៃទំនិញ (អតិផរណា) និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ អង្គប្រជុំបានទទួលស្គាល់ផងដែរ ដើម្បីឆ្លើយតបនឹងសម្រួលបញ្ហា ដែលទាក់ទងនឹងវិបត្តិសង្គ្រាមនេះ បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវបើកចំហរ ព្រំដែនរបស់ខ្លួន ឲ្យបានកាន់តែទូលំទូលាយ ដើម្បីធ្វើយ៉ាងណាឲ្យលំហូរនៃទំនិញ បានប្រព្រឹត្តទៅដោយរលូន និងជួយឲ្យសេដ្ឋកិច្ច ដែលកំពុងងើបឡើងវិញ បានងើបឡើងឆាប់រហ័សជាងមុន។

អង្គប្រជុំក៏បានកត់សម្គាល់ផងដែរថា ទោះបីជាអាស៊ានបើកឡើងវិញ នូវទីផ្សារធំសម្រាប់ក្នុងតំបន់ក្តី និងការទាក់ទាញវិនិយោគក៏បានត្រឡប់មកវិញបណ្តើរៗក្តី ប៉ុន្តែអាស៊ានមិនទាន់បានអនុវត្តពេញលេញនៅឡើយ ដែលទាមទារឲ្យមានការពនិត្យនូវលទ្ធភាព ក្នុងការគិតគូរដល់ភាពប្រកួតប្រជែងរបស់អាស៊ានទាំងមូល សម្រាប់ធ្វើយ៉ាងឆ្លើយតបនឹងវិបត្តិ បង្កើតឲ្យមានភាពធន់ ប្រសិនបើមានវិបត្តិថ្មីកើតឡើងបន្តទៀត ហើយការរីកចម្រើនឡើងវិញនេះ ចាំបាច់ត្រូវមានការរីកចម្រើនទាំងអស់គ្នា ប្រកបដោយបរិយាបន្ន និងរស់រវើក៕