(សៀមរាប)៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើចំនួន ៨៧៦គ្រួសារបន្ថែមទៀត បានចាប់ឆ្នោតយកដីឡូតិ៍ នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋដែលបានចាប់ឆ្នោតសរុបកើនដល់ ១៩៩៣ គ្រួសារហើយ។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលចាប់ឆ្នោតយកដីឡូតិ៍ភូមិធម្មជាតិរុនតាឯកនេះផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងដើម្បីរំដោះសោភ័ណភាពរមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៕