(ភ្នំពេញ)៖ ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស សហការជាមួយអង្គការអន្តរជាតិខាងការងារ និងអង្គការអាហ្វីដា រៀបចំសិក្ខាសាលាស្តីពីការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃជំងឺដោយសារធាតុអាសបេស្តុសនៅកម្ពុជា និងការចែករំលែកលទ្ធផលនៃការស្រាវជ្រាវចុងក្រោយអំពីជំងឺដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសក្នុងសកលលោក។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស លោក ផេង សុខាំ រដ្ឋលេខាធិការ លោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO/Japan) ប្រចាំនៅប្រទេសថៃ លោកស្រី Justine Ross នាយិកាទីភ្នាក់ងារ សុវត្ថិភាព និងលុបបំបាត់អាសបេស្តុសនៃរដ្ឋាភិបាលប្រទេសអូស្ត្រាលី លោកស្រី Kate Lee នាយក APHEDA ប្រចាំប្រទេសអូស្រ្តាលី និងសាស្ត្រាចារ្យ Ken Takahashi ហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀត រួមមាន EURO-CHAM និង ILO, APHEDA សរុបចំនួន៤០នាក់ (ស្រី១២នាក់)។
លោក ហ៊ុយ ហានសុង បានលើកឡើងថា គ្រោះថ្នាក់ដ៏ខ្លាំងបំផុតដោយសារធាតុអាសបេស្តុសអាចបង្កជាជំងឺដែលមិនអាចព្យាបាលបាន ភាគច្រើនគឺជាជំងឺដែលបង្កទៅជាមហារីកសួត មហារីកបំពង់ក មហារីកក្រពះ និងមហារីកពោះវៀនធំជាដើម។ បច្ចុប្បន្នមានប្រទេសជាច្រើនបានបញ្ឈប់ការប្រើប្រាស់អាសបេស្តុសនេះហើយ។ ហេតុផលទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងកម្មករនិយោជិត និងនិយោជកចង់ជៀសវាងឱ្យបាននូវហានិភ័យដែលបង្កឡើងដោយសារអាសបេស្តុសនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏បានផ្តោតលើសកម្មភាពលុបបំបាត់ជំងឺដោយអាសបេស្តុស កំណើនបទប្បញ្ញត្តិរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ពន្ធអាស៊ី (AIIB) សេចក្តីណែនាំពីការអនុវត្តល្អរបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Good Practice Guide) ការពង្រឹងដែនកំណត់នៃការប៉ះពាល់របស់សហភាពអឺរ៉ុប (EU) ការហាមឃាត់នៅប្រទេសកូឡុំប៊ី ការគ្រប់គ្រងហានិភ័យនៃសារធាតុអាសបេស្តុស និងការចំណាយលើបរិស្ថាន សេដ្ឋកិច្ច និងសុខភាព ការឆ្លុះបញ្ចាំងអំពីសន្និសីទរបស់ ASEA និងមេរៀនជាបទពិសោធន៍សម្រាប់កម្ពុជា បទបង្ហាញស្តីពីសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលមានសកម្មភាពជាតិក្នុងការលុបបំបាត់ជំងឺដែលពាក់ព័ន្ធទៅនឹងសារធាតុអាសបេស្តុសនៅកម្ពុជា៕