(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេង សាខាខេត្តសៀមរាប ដែលដឹកនាំដោយ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប។
អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកបទពិសោធន៍ និងអនុសាសន៍ណែនាំក្នុងការប្រកបអាជីវកម្ម ក៏ដូចជាការរស់នៅក្នុងសង្គម ហើយលើកទឹកចិត្តឲ្យសហគ្រិនវ័យក្មេង ស្វែងរកឱកាសធុរកិច្ចជាមួយដៃគូក្រៅប្រទេស និងទាក់ទាញការវិនិយោគមកកាន់ខេត្តសៀមរាប។
អ្នកឧកញ៉ាប្រធាន ក៏បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប និង សភាពាណិជ្ជកម្មខេត្តសៀមរាប ហើយរួមគ្នារៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាប៕