(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ លើកដំបូងនៅកម្ពុជា គ្រោងនឹងបើកការដ្ឋាសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ខណៈបច្ចុប្បន្នការសាងសង់បានចាប់ផ្ដើមដំណើរការបណ្ដើរៗហើយ។

ការថ្លែងបែបនេះរបស់លោកស្រី យក់ សម្បត្តិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកស្រី យក់ សម្បត្តិ បានថ្លែងថា «ចំពោះការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នេះ ក្រសួងសុខាភិបាល បានធ្វើការងារច្រើនជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចនាពេលកន្លងមក ក្នុងនោះការសាងសង់បាន និងកំពុងដំណើរការ ក្រោមការដឹកនាំពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល»

លោកស្រីបានបន្ដថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលបាន និងកំពុងធ្វើការជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់ ដោយមានការគាំទ្រពីដៃគូឯកជន ដែលស្ម័គ្រចិត្តចូលរួមវិនិយោគ ក្នុងការសាងសង់រោងចក្រនេះ។

លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះក្រុមហ៊ុនឯកជនបានចាក់បំពេញដីជិតបាន១០០ភាគរយហើយ ក្នុងទីតាំងភូមិទួលអំពិល ឃុំពញ្ញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងទំហំដីប្រមាណ៥ហិចតា។ បន្ទាប់ពីចាក់បំពេញដីរួចរាល់ ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់។

លោកស្រីបញ្ជាក់ថា រោងចក្រផលិតផលិតវ៉ាក់សាំងនេះ មានស្ដង់ដារអន្ដរជាតិ និងផ្ដោតសំខាន់លើការច្រកវេចខ្ចប់ និងផ្គត់ផ្គង់។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា «ចំពោះការបើកការដ្ឋាផ្លូវការ ក្រុមហ៊ុននឹងស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអញ្ជើញមកសម្ពោធផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដោយឡែកបច្ចុប្បន្ននេះដំណើរការនៃការសាងសង់បាននិងកំពុងចាប់ផ្ដើមជាសន្សឹមៗ ដោយផ្ដើមពីការចាក់ដីធ្វើផ្លូវថ្នល់ជាដើម»

លោកស្រីបានបន្ដថា តាមគម្រោងក្នុងបរិវេណដីចំនួន៥ហិចតានេះ រោងចក្រនឹងសាងសង់អាគារធំៗជាច្រើន តាមផ្នែកនីមួយៗដូចជាផ្នែកចង្វាក់ផលិតកម្ម និងផ្នែកផ្សេងៗទៀត ក្នុងនោះក៏មានអគារសម្រាប់កម្មករ និងអ្នកជំនាញស្នាក់នៅផងដែរ៕