(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយ សមាគមស្បែកជើងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សមាជិកសមាគមស្បែកជើងកម្ពុជា តាមប្រព័ន្ធអនឡាញ(ZOOM) ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ សម្រាប់សហគ្រាស ដែលជាសមាជិកសមាគមស្បែកជើងនៅកម្ពុជា។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការអញ្ជើញចូលរួមពី លោក លីម តុង ប្រធានសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័ករគណនេយ្យនិងសវនកម្ម ព្រមទាំងវត្តមានរបស់សិក្ខាកាមសមាជិកសមាគមស្បែកជើងកម្ពុជា ប្រមាណសរុបចំនួន ៩៩ នាក់។
ជាកិច្ចចាប់ផ្តើម លោកអគ្គនាយក បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់អង្គសិក្ខាសាលាទាំងមូល ព្រមទាំងបានថ្លែងសុន្ទរកថាបើកកម្មវិធីដោយ បានលើកឡើងថា នៅក្នុងឆ្នាំ២០២១-២០២២ និយ័តករគណនេយ្យនិងសវនកម្មបានពង្រឹងនិងពន្លឿនការរៀបចំ និងផ្សព្វផ្សាយអំពីច្បាប់ និងកាតព្វកិច្ចគណនេយ្យ និងសវនកម្មតាមរយៈសិក្ខាសាលាជូនដល់តំណាងសហគ្រាសទូទៅ និងអង្គភាពមិនស្វែងរកប្រាក់ចំណេញបានជាច្រើនលើកទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្របតាមផែនការ និងការណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
លោកអគ្គនាយក បានលើកឡើងនូវការលើកកម្ពស់កំណើន និងថែរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីកំណែទម្រង់ជាច្រើន និងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលដៅលើកកម្ពស់កិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឱ្យរឹងមាំនិងជានិរន្តន៍ដែលធានាកម្រិតជីវភាព និងសុខដុមភាពរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់។ វិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ក៏បានចូលរួមចំណែកក្នុងតួនាទីដ៏សំខាន់នេះនិងជារបៀបវារៈអាទិភាព នៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងបានក្លាយជាវិស័យមួយ ដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ និងលើកស្ទួយវិនិយោគនិងធុរកិច្ច តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធគណនេយ្យមួយដែលរឹងមាំនិងអាចជឿទុកចិត្តបាន ដែលផ្តើមចេញពីការកសាងមូលដ្ឋានគ្រឹះសម្រាប់ការចុះកិច្ចបញ្ជីកាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការដាក់របាយការណ៍ ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
លោកអគ្គនាយក បានបន្ថែមថា បច្ចុប្បន្នច្បាប់និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនត្រូវបានដាក់ឲ្យអនុវត្ត ដែលមានជាអាទិ៍៖
១៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៦
២៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
៣៖ ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យ
៤៖ ប្រកាស សារាចរណែនាំ មួយចំនួនទៀត។
លោកអគ្គនាយក បានគូសបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម កាតព្វកិច្ចជាសារវត្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសមានជាអាទិ៍ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ស្របតាមលក្ខខណ្ឌកំណត់។
លើសពីនេះ លោកអគ្គនាយក ក៏បានបន្ថែមថា «ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ គឺជាកាតព្វកិច្ចរបស់សហគ្រាសដែលកំណត់ដោយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ ប៉ុន្តែនិយ័តករគណនេយ្យ និងសវនកម្មចង់ឱ្យសហគ្រាស បង្វែរកាតព្វកិច្ចទាំងនេះទៅជាវប្បធម៌វិញ គឺវប្បធម៌កាន់បញ្ជីគណនេយ្យ វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់់ដាជាធរមាន និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ»។
លោកអគ្គនាយក បានបន្ថែមទៀតថា វត្តមាននៃច្បាប់និងលិខិតបទដ្ឋាន ព្រមទាំងវិធានពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម មិនមែនជាការដាក់កំហិត ការកំណត់ព្រំដែននៃសិទ្ធិក្នុងការប្រកបរបរទទួលទាន ការវិនិយោគ និងធុរកិច្ច នោះទេ ប៉ុន្តែផ្ទុយទៅវិញច្បាប់និងលិខិតបទដ្ឋានទាំងនោះ បាន ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា សម្រាប់វិស័យឯកជន បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការទទួលបានមូលធន និងធ្វើវិភាជន៍មូលធនប្រកបដោយប្រសិទ្ធភាព, បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមហ៊ុន និងបង្កើនជំនឿទុកចិត្តរបស់ម្ចាស់ហ៊ុនលើការគ្រប់គ្រង, សម្រួលដល់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។
សម្រាប់សេដ្ឋកិច្ចជាតិនិងរាជរដ្ឋាភិបាល ជួយគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាចិរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិនរួមចំណែកជំរុញឱ្យទីផ្សារមូលបត្រ មានភាពរឹងមាំនិងចីរភាព, ការពារសាធារណជន, បង្កើតការងារជូនប្រជាពលរដ្ឋ, ជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ។
មុននឹងបញ្ចប់ លោកអគ្គនាយក បានស្នើសុំឱ្យសហគ្រាសពិសេសរោងចក្រកាត់ស្បែកជើងនៅកម្ពុជា អនុវត្តកាតព្វកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ឲ្យបានហ្មត់ចត់ និងអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ និងយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងអាចលើកឡើងនូវសំណួរពាក់ព័ន្ធនានា ជូនវាគ្មិនដើម្បីឆ្លើយតប និងបំភ្លឺជូនតាមការចាំបាច់។ ក្នុងនោះផងដែរ វាគ្មិននៃនិយ័តករគណនេយ្យនិងសវនម្ម បានធ្វើបទបង្ហាញស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញតិ្តពាក់ព័ន្ធ ព្រមទាំងទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ។
ជាចុងក្រោយ លោកអគ្គនាយក បានថ្លែងអំណរគុណសមាគមស្បែកជើងកម្ពុជា ដែលបានផ្តល់កិច្ចសហការរៀបចំសិក្ខាសាលា និងជូនពរដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម ព្រមទាំងក្រុមការងារសូមទទួលបាននូវសុខភាពល្អកម្លាំងពលំមាំមួននិងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច ពិសេសជៀសផុតនូវការឆ្លងនៃជំងឺកូវីដ១៩៕