(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញលេខទូរស័ព្ទទំនាក់ទំនងអធិការក្រុង ស្រុកទាំង១០ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ ព្រមទាំងលេខទូរស័ព្ទវេនប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋរាយការណ៍ព័ត៌មាន និងសុំជំនួយអន្ដរាគមន៍ផ្សេងៗ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអះអាងថា មន្ដ្រីនគរបាលទាំងអស់នៅទូទាំងខេត្ត ត្រូវតែបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោកឧត្តមសេនីយ៍ស្នងការ តែងតែក្រើនរំលឹក និងដាស់តឿនដល់មន្ដ្រីទាំងអស់ ត្រូវប្រើប្រាស់នូវពាក្យសម្ដី កាយវិការ ឲ្យសាកសមជាមន្ដ្រីដែលមានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ៕