(កំពង់ស្ពឺ)៖ នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សែម វុឌី បានរងបណ្តឹងថាបានវាយធ្វើទារុណ្ឌកម្មសួរចំម្លើយលើជនសង្ស័យគថ្លង់ ក្រោយចាប់វាយខ្នោះនាំខ្លួនទាំងកណ្តាលយប់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង គ្រាដែលបុរសគថ្លង់យកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញ។
លោកស្រី យូ ស៊ីណាត អាយុ៧០ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា ១០និង០០នាទីកូនប្រុសរបស់គាត់ឈ្មោះ គ្រុយ ធីយ៉ា អាយុ៤០ឆ្នាំ បានយកដុំថ្មគប់ទៅលើដំបូលផ្ទះគេ ដែលកំពុងមានការជួបជុំលេងល្បែងជល់មាន់។
លោកស្រីថា ការគប់នោះដោយសារតែកន្លែងដែលជួបជុំលេងជល់មាន់មានការហ៊ោរកញ្ជៀវ បង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។ ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង ១០៖៣០នាទីយប់ ក៏មាននគរបាល៤នាក់ ជិះរថយន្តហាយឡិនឌ័រ ពណ៌ក្រហមមួយគ្រឿងមកដល់ផ្ទះ ហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិ៍នគរបាលត្រែងត្រយឹងបាត់។
លុះនាំខ្លួនទៅដល់ប៉ុស្តិ៍ នាយនគរបាលប៉ុស្តិ៍ ព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃចាប់ខ្នោះជាច្រើនដៃ បណ្តាលឱ្យដួលទៅលើដី និងចាប់លើកឡើងមកវិញបង្ខំឱ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង ១២និង៣០នាទីយប់ថ្ងៃដដែល។
លោកស្រីជាម្តាយបុរសគថ្លង់ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំ និងបែកបបូមាត់។ គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិ៍ និងគូកនបានវាយធ្វើបាប និងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។
គាត់ថា កូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេ ហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរ ម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។ គាត់សុំឱ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុស ពិការភាពរបស់គាត់ ដោយឱ្យមេប៉ុស្តិ៍ នៃឃុំត្រែងត្រយឹង ចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។
ពាក់ព័ន្ធនិងការប្តឹងចោទប្រកាននេះលោក សែម វុឌី បានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា លោកអត់បានវាយធ្វើបាប និងធ្វើទារុណ្ឌកម្មទេ ព្រោះលោកក៏ដឹងដែរថា បុរសដែលបានឃាត់មកនោះ មានកាយសម្បទារមិនគ្រាន់ (គ) តែអ្វីដែលលោកចាប់យកមក គឺដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រព្រឹត្តដូច្នេះទៀត ខណៈសកម្មភាពបែបនេះកើតឡើងច្រើនដងមកហើយ៕