(ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ ចល័តម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ នៅផ្សារដើមគរ ស្ថិតនៅក្នុងខណ្ឌទួលគផក ដោយដកយកគំរូបចំនួន ៤៦មុខ យកមកពិសោធន៍ នៅរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប.។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផល ក្នុងចំណោមគំរូ ៤៦មុខខាងលើ ក្រុមការងារជំនាញរបស់លោក ពុំបានរកឃើញសារធាតុគីមី និង សំណល់ថ្នាំកសិកម្ម ហាមឃាត់ទេ ។ ជាមួយនោះមន្រ្តីជំនាញ បានពិនិត្យ លើផលិតផលប្រើប្រាស់ ហើយបានធ្វើការ ដកហូតផលិតផលគ្រឿងសំអាង ឡេ លាប មិនអនុលោមភាព គ្មានស្លាកសញ្ញា ត្រូវបានដកហូត ចំនួន៦៣ កំប៉ុង និងអញ្ជើញម្ចាស់តូប/ម្ចាស់ ទីតាំង មកបំភ្លឺនៅសាខា ក.ប.ប.សាខារាជធានីភ្នំពេញ ដើម្បីបន្តរកប្រភពដើម។

ក្រុមការងារបានចុះត្រួតពិនិត្យផលិតផលវេចខ្ចប់ជាទ័យទាន អំណោយសម្រាប់រដូវកាន់បិណ្ឌភ្ជុំបិណ្ឌចំនួន៧ ហាងជាលទ្ធផល ផលិតផលមានប្រក្រតីភាព។ លោក ហេង មាលី បានឲ្យដឹងថា ដោយរដូវនេះជារដូវកាន់បិណ្ឌ មន្រ្តីជំនាញ ចុះត្រួតពិនិត្យផលិតផល វេចខ្ចប់ជាទ័យទានអំណោយសម្រាប់រដូវកាន់បិណ្ឌភ្ជុំបិណ្ឌបានចំនួន ៧ហាង ជាលទ្ធផល ផលិតផលមានប្រក្រតីភាព។

លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា។

នៅថ្ងៃដដែលនេះលោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានបន្តចុះអង្កេត និងតាមដាន តម្លៃប្រេងឥន្ធនៈ តាមស្ថានីយ/ដេប៉ូ បានចំនួន១០ ទីតាំង នៅខណ្ឌបឹងកេងកង ក្នុងនោះ ១០ ស្ថានីយ/ដេប៉ូ លក់តម្លៃត្រឹមត្រូវ និង០ស្ថានីយ/ដេប៉ូ លក់តម្លៃទាបជាង ប្រកាសរបស់ក្រសួង ពាណិជ្ជកម្ម។

លោកប្រធានសាខា បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ទន: ដែលបានលក់ ជូនអតិថិជនរបស់ខ្លួន ត្រូវបញ្ឈប់លក់ខុសបច្ចេកទេស ឬបន្លំអតិថិជនបន្តទៀតបានឡើយ គឺត្រូវលក់គ្រប់លីត្រស្មោះត្រង់ជាមួយអ្នកទិញ ទៅតាមស្តង់ដារកំណត់ ទើបរួចខុសពីការផាកពិន័យ របស់មន្រ្តីជំនាញ ឬចាត់ការតាមផ្លូវច្បាប់៕