(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក គុយ លាងគី រួមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយ ប្រជាពុទ្ធបរិស័ទ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តតាលវ័ន្តក្តីចារុ៍ ហៅវត្តក្តីចារុ៍ តាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥ លោកស្រី ឃួន ឃុនឌី បានថ្លែងថា នេះគឺជាការឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខនោះ និងបង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងអ្នកទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយ បានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយនឹងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមក របស់ប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយ បានឃើញពីការថែរក្សាវប្បធម៌ប្រពៃណីការគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា។

លោកស្រីក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕