(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជារាស្ត្រនៃចក្រភពអង់គ្លេស ចំពោះការយាងសោយទិវង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) នៃចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា។

លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយទិវង្គតរបស់ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ គឺជាការបាត់បង់ ព្រះមហាក្សត្រី ដ៏ឆ្នើមមួយអង្គ មិនត្រឹមតែចំពោះចក្រភពអង់គ្លេស បណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់មិនអាចកាត់ថ្លៃបាន ចំពោះពិភពលោកទាំងមូលនូវ ព្រះមហាក្សត្រីយ៍ ដែលតែងតែប្រកាន់ យ៉ាងខ្ជាប់ខ្ជួននូវព្រះរាជវិន័យ ដឹកនាំព្រះរាជកិច្ចជាតិ-អន្តរជាតិ ប្រកបដោយព្រះបញ្ញាញាណ និងយូរឆ្នាំ ជាងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រជារាស្ត្រនៃចក្រភពអង់គ្លេស និងប្រជាពលរដ្ឋទូទាំងសកលលោក នៅចងចាំជានិច្ច។

ស្ថិតក្នុងមរណៈទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ សូមឧទ្ទិសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ សូមទ្រង់យាងទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕