(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនចាត់ទុកថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ «ដៃគូអាស៊ាន» ដែលរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ជាវេទិកាដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរ ចែករំលែក ការទទួលនិងផ្តល់ព័ត៌មានផ្លូវការសម្រាប់បម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ។

នៅថ្ងៃទី១៥ ខែកញ្ញា នេះ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី «ដៃគូអាស៊ាន» ឆ្នាំ២០២២ដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលភូមិភាគស្វយ័តក្វាំងស៊ី បានបើកធ្វើនៅទីក្រុងណាននីង។ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិជាង១៨០រូប ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីពិភាក្សាអំពីប្រធានបទ «វៃឆ្លាត រួមបញ្ចូលប្រមូលផ្តុំកម្លាំង» ក្នុងគោលបំណងជំរុញប្រព័ន្ធសារព័ត៌មានប្រទេសចិន និងបណ្តាប្រទេសអាស៊ានឱ្យធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកដល់ការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ាន ដែលកាន់តែស្អិតល្មួត។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលចូលរួមក្នុងវេទិការតាមរយៈអនឡាញ បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ «ដៃគូអាស៊ាន» គឺជាវេទិកាដ៏សំខាន់នៅក្នុងភាពជាដៃគូសន្ទនា តាមលំហអាកាសរវាងប្រជាជាតិចិននិងអាស៊ាននិយាយដោយឡែក រវាងប្រជាជាតិចិន-អាស៊ាននិងពិភពលោក ហើយវេទិកានេះនឹងបង្កើនទំនាក់ទំនងកាន់តែប្រសើរបង្កើតបាន នូវទំហំកាន់តែធំនៃរង្វង់អង្កត់ផ្ចិតពុទ្ធិក្នុងការចែករំលែក ចំណេះដឹង ផ្តល់នូវកាលានុវត្តភាព របកគំហើញថ្មីផងដែរ។

លោកបណ្ឌិតបន្ថែមថា វេទិកានេះនឹងផ្តល់នូវកាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់បង្កើនទាំងកិច្ចសហប្រតិបត្តិការក្នុង វិស័យព័ត៌មានរវាងកម្ពុជាជាមួយបណ្តាប្រទេសអាស៊ាននិងចិន ហើយក៏ជាវេទិកាផ្តល់បន្ថែមទៀតនូវធាតុចូលមិនត្រឹម សម្រាប់បង្កើនគុណភាពនិងបរិមាណអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើ វិស័យសារព័ត៌មានរវាងអាស៊ាននិងចិនថែមទៀត។

តាមរយៈវេទិកានេះ ដោយមានកម្លាំងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ ពិភពលោកតាមរយៈសារព័ត៌មានរបស់ បណ្តាប្រទេសអាស៊ាននិងចិន នោះវិនិយោគិន និងទេសចរបរទេសកាន់តែច្រើននឹងពង្រីកទំហំបរិមាណកាន់តែច្រើន មកវិនិយោគនិងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយបានប្រយោជន៍ផ្តល់ដល់ប្រជាជនកម្ពុជា នូវវិបុលភាពនិងការលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានោះដែរ លោកបណ្ឌិតបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម ជាអ្នកផ្ទេរ ជាអ្នកផ្តល់ និងជាអ្នកចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រឹត្តិការណ៍នានា ជាពិសេសតួនាទីនេះកាន់តែសំខាន់នៅក្នុង យុគសម័យឌីជីថល ដែលជំរុញឱ្យបណ្តាប្រទេសទាំងអស់ជាពិសេស សមាគមអាស៊ាននិងចិនដែលជាដៃគូសន្ទនា អស់រយៈពេលជាង៣ទសវត្សរ៍នេះបង្កើនកម្លាំង និងគុណភាពកាន់តែប្រសើរសម្រាប់ការផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងបម្រើដល់ផលប្រយោជន៍សន្តិសុខ សុខដុមនីយកម្ម ការគោរពនិងផ្តល់តម្លៃគ្នាក្នុងពហុជំនឿ ពហុសាសនា ពហុភាសា ពហុប្រពៃណី ពហុវប្បធម៌ និងចូលរួមបង្កើនការអភិវឌ្ឍសកលសំដៅកសាងបានកាន់តែលឿន ឆាប់រហ័ស និងមានភាពធន់មាំនៃសហគមន៍ជោគវាសនារួមមនុស្សជាតិ៕

(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)