(ពោធិ៍សាត់)៖ ប្រជានេសាទងាយរងគ្រោះ ចំនួន៧៩គ្រួសារ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ តាមរយៈលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ដើម្បីជួយសម្រួលដល់ទុក្ខលំបាកខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ។
ពិធីផ្ដល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងនៅបរវេណសាលាបឋមសិក្សា ស៊ុយ សែម កញ្ជរ ដែលស្ថិតក្នុងឃុំកញ្ចរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីរាជការ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អាជ្ញាធរឃុំ ស្រុក ខេត្ត មួយចំនួនទៀត។
លោក ជាវ តាយ ថ្លែងថា ដោយមើលឃើញពីការលំបាក ខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកណ្តៀង បានចុះផ្ទាល់ដល់មូលដ្ឋាន ហើយបានរាយការណ៍មកសាខាកាកបាទក្រហមកម្ពុជាខេត្ត ទើបថ្ងៃនេះក្នុងនាមគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា បានសហការជាមួយអនុសាខា បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៧៩គ្រួសារ នាពេលនេះ។
លោកលើកឡើងថា គ្រប់សកម្មភាពទាំងអស់នេះ គឺជាការផ្ដល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិតគូរនោះឡើយ។
ជាមួយគ្នានោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិត គូរនោះឡើយ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្ត បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះគិតគូរដោយខ្លួនឯង ក្នុងការប្រកបរបរចិញ្ចឹមជីវិត ព្រោះថាអំណោយទាំងនេះ គឺជាការដោះស្រាយបានតែមួយគ្រាតែប៉ុណ្ណោះ មិនមែនជារបបប្រចាំថ្ងៃ ឬប្រចាំខែនោះទេ ពោលគឺយើងត្រូវការចែករំលែកអំណោយមនុស្សធម៌នេះ នៅទូទាំងខេត្ត ដោយសារភាពងាយរងគ្រោះមានច្រើន។
លើសពីនេះទៀត លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ក្នុងការរស់នៅឱ្យបានល្អ នោះនឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រកបរបរចិញ្ចឹមជីវិតដូច្នេះត្រូវរក្សាអនាម័យខ្លួនប្រាណ ការរស់នៅស្អាត លំនៅឋានស្អាត ហូបស្អាត ផឹកស្អាតជាប្រចាំ និងត្រូវការពាររោគរាតបាតផ្សេងៗ ដូចជាជំងឺកូវីដជាដើម ព្រោះថាជំងឺនេះ មិនទាន់ទៅណាអស់នៅឡើយទេ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាប់ជានិច្ច កុំធ្វេសប្រហែសឱ្យសោះ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផ្ដល់ជូនប្រជាពលរដ្ឋទាំង៧៩គ្រួសារ ដែលមានមុខរបរជាប្រជានេសាទ មកពី៤ភូមិ គឺភូមិព្រែកត្របែក ភូមិផ្លូវលួង ភូមិពោធិ៍អណ្ដែត និងភូមិកញ្ចរ ក្នុងឃុំកញ្ចរ ស្រុកកណ្ដៀង ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្គរ២៥គីឡូក្រាម, ត្រីខ១យូរ, ទឹកត្រី១យួរ, មី១កេស និងថវិកា៥ម៉ឺនរៀល៕