(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីសព្វថ្ងៃ កំពុងក្លាយជា បេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៤ (២០២២ ២០២៤) តែម្នាក់ឯងគត់ ដោយសារគ្មានមេធាវីណាដាក់ពាក្យប្រជែងជាមួយលោកទេ
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក លី ច័ន្ទតុលា បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃទីមួយនៃការឃោសនារកការគាំទ្រសម្រាប់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៤ ។ ឆ្លងកាត់ការប្រកាសឲ្យដាក់ពាក្យ និងការពន្យារពេលទទួលពាក្យ គឺមានតែខ្ញុំ១នាក់គត់ដែលជាបេក្ខជន»។
លោកបានបន្ថែមថា «ក្នុងរយៈពេលជិត២ឆ្នាំដែលខ្ញុំដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវីយើង ពាក្យ "យើងរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី" ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយក៏ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីបងប្អូនសហភាតាមេធាវីទាំងអស់»។
លោកបានបន្តទៀតថា៖ «ការដែលបងប្អូនសហភាតាមិនដាក់បេក្ខភាព ដើម្បីប្រកួតប្រជែងជាមួយខ្ញុំ គឺបង្ហាញពីការបន្តគាំទ្រចំពោះខ្ញុំ ការដឹកនាំរបស់ខ្ញុំ និងគាំទ្រឲ្យខ្ញុំបន្តដឹកនាំគណៈមេធាវី ១អាណត្តិទៀត។ ការណ៍នេះ នឹងផ្តល់កម្លាំងចិត្តនិងជំរុញឲ្យខ្ញុំខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគណៈមេធាវីយើង វិជ្ជាជីវៈមេធាវីយើង ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីយើង»។
លោកលី ច័ន្ទតុលា បានអរគុណដល់មេធាវីទាំងអស់ដែលមិនដាក់បេក្ខភាពប្រកួតប្រជែងជាមួយលោក។ លោកអំពាវនាវដល់មេធាវីទាំងអស់ចូលរួមមហាសន្និបាតគណៈមេធាវី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្ររូបលោកជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៤នេះឲ្យបានទាំងអស់គ្នា។
លោកបានបង្ហាញការប្តេជ្ញាបន្តដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវី ទៅរកឧត្តមភាពនិងកិត្យានុភាព ដើម្បីជាឧត្តមប្រយោជន៍របស់សហភាតាមេធាវីទាំងអស់ និងសង្គមជាតិកម្ពុជា។ លោកក៏សូមអរគុណជាថ្មីម្តងទៀតចំពោះបងប្អូនសហភាតាមេធាវីទាំងអស់ដែលតែងតែស្រឡាញ់ រាប់អាន និងគាំទ្រចំពោះរូបលោក៕