(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្ត តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល (ហៅវត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា សមិទ្ធផលនានាដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះមាន៖ របងជុំវិញវត្តមានកម្ពស់ ២.៥០ម៉ែត្រ ប្រវែង ២១៦ម៉ែត្រ។ ចាក់ដី និងចាកសាបបំពេញធីធ្លាវត្ត (ទំហំ៤,០០០ ម៉ែត្រការ៉េ) កសាងបន្ទប់ទឹក ១ខ្នង មាន ៥បន្ទប់។ កសាងស្រះទឹក ១កន្លែង រៀបជញ្ជាំងឥដ្ឋថ្មជុំវិញ (ទំហំ២៥ គុណ២៣ម៉ែត្រ) និងកសាងព្រះពុទ្ធបដិមា និងប្រោសបញ្ជាវគ្គីយ៍ (ថ្មដាប់) ព្រមទាំងកសាងទ្វារចំនួន ២កន្លែង (ទទឹង ៨ម៉ែត្រ កម្ពស់ ៩.៥០ម៉ែត្រ។

លោកអភិបាលស្រុក បានបញ្ជាក់ថា សព្វថ្ងៃវត្តនៅជំពាក់ថ្លៃគ្រឿងសំណង់ និងថ្លៃឈ្នួលជាងចំនួន ២៥,៨២៥ដុល្លារ។ ចំពោះបច្ច័យ ដែលនៅជំពាក់ថ្លៃគ្រឿងសំណង់ និងថ្លៃឈ្នួលជាងនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានចេញសងទាំងអស់។

លោក ស្បោង សារ៉ាត់ បានថ្លែងថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ស្បោង សារ៉ាត់ ក៏បានលើកឡើងថា វត្តអារាម គឺជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរពប្រតិបត្តិនៅក្នុងវត្តអារាមនេះ។

ក្នុងនោះដែរ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការវត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សានូវសមិទ្ធផលដែលបានកសាងឡើងដាក់ឱ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការរួមទាំងព្រះសង្ឃមេត្តាខិតខំដាំដើមឈើឱ្យបានច្រើនដើម្បីទុកជាប្រយោជន៍បង្កើតនូវបរិស្ថានធម្មជាតិមួយនៅក្នុងវត្តផងដែរ។

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ គឺដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះ យើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមរក្សាសុខសន្តិភាពជាមួយរដ្ឋាភិបាលឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនានឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗ ខ្លួនឱ្យកាន់តែប្រសើរឡើង ជាពិសេសបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ បាននាំយកថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបុណ្យប្រកគេនព្រះសង្ឃចំនួន ២០លានរៀលផងដែរ៕