(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត អធិការរងស្រុកតាំងគោក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន មន្រ្តីការងារយុវជនសាខា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់យុវជនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក យុវជនកាយរិទ្ធជាតិកម្ពុជា និងសិស្សានុសិស្សសរុបចំនួន ៣៥០នាក់ ស្រី២១៩នាក់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល បានពន្យល់ណែនាំ ពីស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ធំ សង្ខេបច្បាប់ចរាចរណ៍ចំណុចសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ទោចក្រយានយន្ត អនុក្រឹត្យផាកពិន័យអន្តរការ សញ្ញាចរាចរណ៍ និងការប្រើប្រាស់គន្លងផ្លូវ វិធីពាក់មួកសុវត្ថិភាពមានប្រាំជំហានឱ្យបានត្រឹមត្រូវ អត្ថប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សម្រាប់ថ្មើរជើងប្រកបដោយសុវត្ថិភាពការពារដល់អាយុជីវិតក្នុងការធ្វើដំណើរ ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក ហាក់ ម៉ុងហួត បានលើកឡើងថា សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រត្រូវស្តាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិតរបស់ខ្លួន។ លោកអភិបាលស្រុក ក៏បានអំពាវនាវ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិត ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា ក្រុមការងារទាំងអស់បានចែកខិតប័ណ្ណសញ្ញាចរាចរណ៍បាន៣៥០សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាពបាន២០០សន្លឹក ខិតប័ណ្ណពិការភាពខ្ញុំអាចធ្វើបាន៣៥០សន្លឹក និងសន្លឹកតូចដប់ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍បាន៣៥០សន្លឹក ដល់ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរក្នុងផ្សារ ព្រមទាំងជូនមួកសុវត្ថិភាពឣ្នកចូលរួមឆ្លើយសំណួរយកមួកសុវត្ថិភាព សរុបចំនួន៣០មួក៕