(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាំយកបច្ច័យនិងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេនកាន់បិណ្ឌទី៥។

ការកាន់បិណ្ឌជាបន្តបន្ទាប់រហូតមកដល់នាថ្ងៃនេះ គឺដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និងរាប់បាត្រ ដារ បង្សុកូល ឧទ្ទិសកុសល្យផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ សូមឲ្យបានទៅសោយសុខ នាទីស្ថានសុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ។

សំណេះសំណាល ជាមួយពុទ្ធបរិស័ទនាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានរំលឹកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោកយាយ លោកតា ត្រូវគោរពបូជា និង ធ្វើបុណ្យទានទៅតាមគន្លងព្រះពុទ្ធសាសនា ព្រមទាំងចូលរួមក្នុងការអប់រំ ទាំងផ្លូវលោក ផ្លូវធម៌ ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើននៅចំណេះដឹង សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ សូមអោយពុទ្ធបរិស័ទ្ធទាំងអស់ ដែលអញ្ជើញមកធ្វើបុណ្យទាន ត្រូវ រក្សាអោយបាននូវវិធានការសុខាភិបាល ៣កុំនិង៣ការពារ អោយបានខ្ចប់ខ្ចួន។

ព្រមជាមួយគ្នានេះ លោក សោម ពិសិដ្ឋ ក៏បានវេរប្រគេនព្រះសង្ឃនូវបច្ច័យ ទេយ្យទាន និងគ្រឿងអត្ថបរិក្ខា រួមមាន៖ មី, ទឹកត្រី, ទឹកសុទ្ធ, ត្រីខកំប៉ុង និងបច្ច័យសរុប ចំនួនជាង ៣,២០០,០០០៛ សម្រាប់កសាង ប្រគេនព្រះសង្ឃ និងជូន លោកយាយ លោកតា ពុទ្ធបរិស័ទ ដែលបានមកចូលរួមកាន់បិណ្ឌក្នុងវត្ត នាឱកាសនោះផងដែរ៕