(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំចំនួន ២៨រូប និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទូទាំងខេត្ត នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ រួចមក នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

លោមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

ក្នុងឳកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកអំណោយរបស់សម្ដេចតេជោ ចែកជូនបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទូទាំងខេត្ត ចំនួន ១២៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ចំនួន ១០០,០០០រៀល អង្ករ០១បេ (២៥ គ.ក) និងមីចំនួន ០១កេស សរុបជាថវិកា ចំនួន ២១,៨៨៨,០០០ រៀល៕