(តាកែវ)៖ អភិបាលរងខេត្តតាកែវចំនួន៥រូប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងឱកាសនោះលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមចំនួនគណៈអភិបាល សាលារាជធានី-ខេត្ត និងក្រុងស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់ប្រសើរឡើងថែមទៀតដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោក ឡាំ ជា បានថ្លែងថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំង៥រូបនាពេលនេះ នឹងធ្វើឲ្យការអនុវត្តបំពេញភារកិច្ច ការងារ ការគ្រប់គ្រងអភិវឌ្ឍន៍ខេត្តតាកែវ បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជាក់ជាពុំខាន។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា អភិបាលរងខេត្ត ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម សំដៅធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើរទ្វេឡើង។

សូមបញ្ជាក់ថា មន្ដ្រីរាជការ ៥រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវរួមមាន៖

*ទី១៖ លោក យង់ សុវឌ្ឍនា ពីអភិបាលរងខេត្តស្ទឹងត្រែង ទៅជាអភិបាលរងខេត្តតាកែវផងដែរ ដោយជំនួសលោក ឈួ សុធា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃ
*ទី២៖ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ជាអភិបាលរងខេត្ត
*ទី៣៖ លោក ទុយ សុភ័ក្រ អភិបាលស្រុកបុរីជលសារជាអភិបាលរងខេត្ត
*ទី៤៖ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស់ជាអភិបាលរងខេត្ត
*ទី៥៖ លោក ម៉ម កាយ មន្រ្តីក្របខ័ណ្ឌក្រសួងមុខងារសាធារណ: ជាអភិបាលរងខេត្តតាកែវ៕