(ភ្នំពេញ)៖ លោកយាយព្រឹទ្ធាចារ្យ សរ សារឿន អតីតនាដការីរបាំព្រះរាជទ្រព្យ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។ នេះបើតាមលោកបណ្ឌិត ហ៉ី វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
លោកបណ្ឌិត ហ៉ី វីរៈ បានឲ្យដឹងថា លោកយាយព្រឹទ្ធាចារ្យ សរ សារឿន បានទទួលមរណភាព នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ហើយលោកចាត់ទុកថា នេះជាការបាត់បង់ធនធានវីរសិល្បករដ៏មានតម្លៃផ្នែកសិល្បៈរបាំ នៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត ហ៉ី វីរៈ សម្តែងការសោកស្តាយចំពោះមរណភាពលោកយាយព្រឹទ្ធាចារ្យ និងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដេរ។
លោកបណ្ឌិតបញ្ជាក់ថា «ទោះលោកយាយព្រឹទ្ធាចារ្យ សរ សារឿន បានអនិច្ចកម្មទៅហើយក្តី តែលោកបានបន្សល់ទុកនូវស្លាកស្នាមដាមដិតជាប់អនុស្សាវរីយ៍ជាច្រើន ដែលជាស្នាដៃមានតម្លៃសម្រាប់កូនខ្មែរជាអ្នកស្នេហាវប្បធម៌។ សូមដួងវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធាចារ្យ សរ សារឿន បានយោនយកកំណើតក្នុងសុគតិភពដោយគុណានុភាពនៃសេចក្តីល្អ និងកុសលផលបុណ្យដែលកូនចៅសាងឧទ្ទិសជូនទៅកុំបីឃ្លៀងឃ្លាតឡើយ»។
លោកបណ្ឌិត ហ៉ី វីរៈ បានបង្ហាញប្រវត្តិរូបសង្ខេបរបស់លោកយាយព្រឹទ្ធាចារ្យ សរ សារឿន ដូចខាងក្រោម៖
* លោកស្រី សរ សារឿន កើតនៅឆ្នាំ១៩៣៤ ដែលមានលោកឪពុកឈ្មោះ អ៊ុក ស អ្នកម្ដាយឈ្មោះ ចាន់ កេត។ លោកមានស្រុកកំណើតនៅភូមិត្រពាំងព្រលិត សង្កាត់លេខ៥ ក្នុងក្រុងភ្នំពេញ។ លុះចម្រើនវ័យបាន ៧ ឆ្នាំ ឪពុកម្ដាយលោក បានយកលោកទៅសិក្សារៀនវិជ្ជារបាំនៅក្នុងព្រះបរមរាជវាំង ដែលមានសម្ដេចព្រះមហាក្សត្រិយានី ស៉ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលមានលោកជាព្រះប្រមុខគ្រប់គ្រង និងទទួលបានប្រាក់ឧបត្ថម្ភពីរាជការចំនួន ៣០ រៀលក្នុងមួយខែ។ លោកបានសិក្សាផ្នែករបាំនេះ ក្នុងមុខជំនាញតួនាង ដោយសារគាត់មានមាឌល្អិតតូច ដូចនេះសម្ដេចម៉ែលោកឱ្យគាត់រាំទូលប្រើសកន្លែងបញ្ឆោតនាងសីតា ហើយក្រុងរាពណ៍ចាប់យកទៅនោះ។
* លុះចម្រើនវ័យពេញ ក៏រៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក ថ្លាង ថ្លៃ ដែលជាគ្រូភ្លេង និងជាប្រធានភ្លេងត្រែទ័ពក្នុងរាជ្យព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។ លោកបានចាប់ដៃគ្នាកសាងគ្រួសារដោយមានបុត្រាបុត្រី ៩នាក់ ប៉ុន្តែក្នុងរបប ប៉ុល ពត កូនៗគាត់ស្លាប់អស់ នៅសល់តែ ៣ នាក់ទេ (ទាំងបីនាក់សុទ្ធតែស្រី បងគេឈ្មោះអ្នកស្រី ស ចាន់ហន(ស្លាប់) បន្ទាប់មកគឺអ្នកស្រី ស ច័ន្ទម៉ាលីដា បន្ទាប់មកពៅគេ គឺ ស ចាន់ថន)។
* កាលពីជំនាន់ ប៉ុល ពត គឺគេជម្លៀសគាត់ទៅនៅឯខេត្តបាត់ដំបង (បច្ចុប្បន្នគេហៅខេត្តបន្ទាយមានជ័យ) នៅតំបន់ភ្នំស្រុក តំបន់អាងទឹកត្រពាំងថ្ម នៅក្នុងភាពជាស្ត្រីមេម៉ាយ ដោយយកតែកូនប្រាំនាក់ទៅជាមួយ ហើយក្នុងពេលធ្វើដំណើរទៅនោះ កូនពីរនាក់ត្រូវបានស្លាប់ គឺកូនពៅ និងកូនបន្ទាប់ពៅ ព្រោះប្ដីគាត់ពេលចេញ ១៩៧៥ ទៅ ប៉ុល ពត សម្លាប់ក្រោយមួយខែ ក្រោយមកនៅស្វាយរលំ ក្រោយចូលមកដល់ស្វាយរលំ ដោយគេចាប់គាត់យកទៅ ព្រោះគាត់បានបង្ហាញកាតព្រះករុណាសីហនុ ទើបគេដឹងថាគាត់ធ្វើការនៅក្នុងវាំង។ ពេលនោះ គេក៏ចាប់គាត់យកទៅសម្លាប់ជាមួយនឹងកូនប្រុសទីពីររបស់គាត់នៅក្រោមដើមស្វាយ កន្លែងដែលគេកប់សាកសពរបស់គាត់ និងកូនប្រុសគាត់នៅទីនោះ។
* ក្រោយរបប ប៉ុល ពត លោកស្រី សរ សារឿន បានស្នាក់នៅហើយបំពេញការងារជូនរដ្ឋនៅខេត្តកំពង់ធំ ក្នុងនាមជាគ្រូរបាំក្បាច់បុរាណផ្នែកខាងតួនាង រហូតមកដល់ឆ្នាំ១៩៩៥ គាត់ចូលនិវត្តន៍ គឺនៅខេត្តឯណោះ។
* លុះក្រោយមកក្រោយពីកូនប្រសារលោក សេង សំអាន បានផ្ទេរការងារពីខេត្តមកភ្នំពេញ គាត់ក៏មកតាមហើយស្នាក់នៅជាមួយនឹងកូនប្រសារ និងកូនបង្កើតជារៀងរហូតមកដល់ថ្ងៃដែលគាត់ចូលមរណកាលនេះទៅ។
* គិតត្រឹមឆ្នាំ២០២២ លោកយាយ សរ សារឿន អតីតនាដការបាំព្រះរាជទ្រព្យតួអប្សរាជាមួយនឹងសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលលោកធ្លាប់បានទៅសម្ដែងនៅបរទេសដូចជាសាធារណរដ្ឋបារាំង សាធារណរដ្ឋប្រជាមានិតចិន សហភាពរុស្ស៉ី ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៉ី ប្រទេសថៃ ប្រទេសសិង្ហបុរី និងបណ្ដាប្រទេសជាច្រើនទៀត។
* លោកមានព្រះជន្ម ៨៨ ឈានចូល ៨៩ ឆ្នាំ ដោយទទួលមរណភាព វេលាម៉ោង ៨៖៤៥នាទីព្រឹក នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២៕