(កណ្ដាល)៖ យ៉ាងហោចមានប្រជាពលរដ្ឋជាង៥០០គ្រួសារ ទទួលបានផលប្រយោជន៍ពីការបំពាក់អំពូលភ្លើងសូឡានិងបង្គោលចំនួន៥៣៨បង្គោល នៅឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បង្គោលបំពាក់អំពូលភ្លើងសូឡាជាផ្លូវការ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក្រុមប្រឹក្សាស្រុក នាយក/នាយករងរដ្ឋបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរភូមិ/ឃុំ និងប្រជាពលរដ្ឋសរុបចំនួន៣០០នាក់។

លោក ឌិត ទីណា បានលើកឡើងថា ការបំពាក់អំពូលភ្លើងសូឡានេះ គឺក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់ តាមរយៈការជំរុញឱ្យមានអំពូលបំភ្លឺមួយយប់ទល់ភ្លឺ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានឃុំតាឯក ក៏ដូចជាតាមមូលដ្ឋានឃុំនានា និងនៅគ្រប់ទីកន្លែងក្នុងស្រុក។

លោកបានបន្តថា អំពូលសូឡឡាចំនួន៥៣៨បង្គោល ស្ថិតនៅឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២១ គឺបានដាក់
ដេញថ្លៃនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែលចំណាយថវិកាសរុបចំនួន១០៧,០៦២ដុល្លារអាមេរិក។

លោករដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបរបរផ្សេងៗនៅពេលយប់ ម្យ៉ាងទៀតក៏ជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៅឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដូច្នេះស្រុកខ្សាច់កណ្តាលនៅសល់មូលនិធិរ៉ែចំនួន ៤៣៦,៣៦២,០១ដុល្លារ និងមានគម្រោងស្នើសុំកសាងផ្លូវបេតុងអាមេ២ខ្សែទៀត សរុបប្រវែង៩៧០ម៉ែត នៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាវាយតម្លៃផងដែរ៕