(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ខ្នងផ្ទះទី២១០ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិពោធិ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកពលបាលឯក ចាន់ អ៊ត អាយុ៦៥ឆ្នាំ បានចូលបម្រើ កងទ័ពនៅឆ្នាំ១៩៩០ អង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការពេលប្រយុទ្ធ ជាមួយខ្មាំងនៅសមរភូមិប្រហូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងអំឡុងឆ្នាំ១៩៩៣។
លោក ចាន់ អ៊ត មានភរិយានិងកូនក្នុងបន្ទុកចំនួន៥នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យនៅលើដីដែលគាត់មាន ព្រោះតែជីវភាពលំបាកខ្វះខាត ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១០ ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត ផ្តល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៉ីអ៉ីវ ចំនួន ២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ចាន ឆ្នាំង ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ៕