(ភ្នំពេញ)៖ អតីតមន្ត្រីយោធា ស័ក្តិ៤ម្នាក់ ដែលបានបាញ់សម្លាប់គូដណ្តឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចអស់ជាង២ឆ្នាំមកនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងប្រទេសថៃ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យឹងថា ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។

បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាគូបណ្ដឹង ក៏បានរត់គេចខ្លួនបាត់ឈឹងតែម្តង៕