(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាមួយនឹង ការវេរបច្ច័យប្រគេនចំពោះព្រះសង្ឃបានជាង ៣៥លានរៀល សម្រាប់កសាងទីអារាមវត្ត។
ក្នុងពិធីនោះ លោកឃួង ស្រេង និងលោកស្រី បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។
ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទ័យទានជាច្រើនមុខ ចំពោះព្រះសង្ឃ ដូចជាសាដកចំនួន២២ (២១អង្គ+០១អង្គទេសនា) បាយបត្តបូរ ចំនួន១២, មីចំនួន ៣០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស អង្ករ ចំនួន ១០០គីឡូក្រាម ស្ករស ចំនួន ៥០គីឡូក្រាម ផ្លែឈើ ចំនួន ០៤កន្ត្រក់ត្រីខកំប៉ុង ចំនួន ០១កេស ទឹកដោះគោខាប់ចំនួន០១កេស ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០,០០០រៀល បច្ច័យប្រគេនព្រះសង្ឃ ២១២អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០រៀល បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០រៀល បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០រៀល បច្ច័យលោកអាចារ្យ ចំនួន ២០០,០០០រៀល, ពុទ្ធិកយុវជន (សិស្ស និស្សិត) ៥០នាក់ ក្នុង ០១នាក់ ចំនួន ២០,០០០រៀល និងវេរបច្ច័យប្រគេនបច្ច័យជូនទៅព្រះសង្ឃ សម្រាប់កសាងទីអារាមវត្តនេះចំនួន ២,៩៥៧០,០០០រៀល និងប្រាក់ដុល្លារ ១,៥៤០ដុល្លារ ដែលសរុបទាំងប្រាក់រៀល និងដុល្លារ មានចំនួនប្រមាណជាង ៣៥លានរៀល។
បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ។
គួរបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តដឹកអ្នកដំណើរ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៧៥គ្រឿង ចាំដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនគិតប្រាក់ដើម្បីជួយសំរាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងឧិកាសបុណ្យ។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ កុំតំឡើងថ្លៃការធ្វើដំណើរទៅស្រុកកំណើតក្នុងស្ថានភាពជួបការខ្វះខាត៕