(កំពង់ចាម)៖ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនយុវសិស្ស ចំនួន ២០០ នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានរួចហើយ កាលពីដើមឆ្នាំ២០២២កន្លងទៅ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គណៈ: កម្មាធិការសាខាជាច្រើនរូបផងដែរ។

ក្នុងរបាយការណ៍ស្វាគមន៍ លោក ទូច ឆៃ នាយកប្រតិបត្តិរបស់សាខា បានគូសបញ្ជាក់ថា សាលាគោលដៅ ទូទាំងខេត្តសរុបមាន៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ មានទីប្រឹក្សាយុវជន ៨៦នាក់ (ស្រី ៧នាក់) និងយុវជនកាកបាទក្រហមកម្ពុជា ២,១៨៥ នាក់ (ស្រី ១,២០៧នាក់)។

លោក ទូច ឆៃ បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ នេះ មានស្រី ១០១នាក់ មកពីវិទ្យាល័យចំនួន ៤ ក្នុងក្រុងកំពង់ចាម និង ស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក, វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និង បាននាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានជូនគណៈអធិបតី និងអង្គពិធី ពិសេសក្រើនរំលឹកដល់ក្មួយៗ ជាយុវជនថ្មីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយត្រូវពង្រឹង និង ពង្រីកសមត្ថភាព ឲ្យក្លាយជាធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានោះ ការបំពាក់កន្សែង និងមួកសុវត្ថិភាព លោក អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានផ្តល់ជូនដល់យុវជន ទាំង ២០០នាក់, ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់១ ផងដែរ៕