(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ឆ្នោតយកដីឡូតិ៍ភូមិធម្មជាតិរុនតាឯក។

ពលរដ្ឋជិត១ពាន់គ្រួសារ ក្នុងភូមិវាល ត្រូវបានរៀបចំឱ្យចាប់ឆ្នោតយកក្បាលដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឱ្យអាជ្ញាធររៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញឡើង។ ក្នុងពិធីនាពេលនោះ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលរៀបចំផ្តល់ដីកម្មសិទ្ធិឱ្យពួកគេ ក៏ដូចជាអរគុណដល់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចំពោះបេសកកម្មដ៏ជោគជ័យមួយនេះ។

តាមការបញ្ជាក់ពីលោក ហាយ យ៉ុង មន្រ្តីរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរកំពុងមមាញឹកក្នុងការផ្តល់បណ្ណដល់ពលរដ្ឋ ដើម្បីឱ្យពួកគេអាចយកកន្ទុយបណ្ណមកចាប់ឆ្នោតនៅរដ្ឋបាលខេត្តសៀមរាបបន្ត។ គិតត្រឹមម្សិលមិញ ការផ្តល់កន្ទុយបណ្ណនេះសរុប ៥៥៩គ្រួសារ ក្នុងចំណោមពលរដ្ឋភូមិវាលសរុប ៩៣៧គ្រួសារ។ លោក ហាយ យ៉ុង បញ្ជាក់ថា ការងារនេះអាចរៀងយូរបន្ដិច ដើម្បីឱ្យអាជ្ញាធរប្រាកដចំពោះការកំណត់អត្តសញ្ញាណពលរដ្ឋទាំងអស់។

គួររំលឹកថា ក្នុងដំណាក់កាលទី១ ពលរដ្ឋភូមិត្រពាំងសេស និងភូមិទស្សិណត្បូងសរុបចំនួន ១១១៧គ្រួសារ បានស្ម័គ្រចិត្តចាប់ឆ្នោតទៅភូមិធម្មជាតិរុនតាឯក ហើយដំណាក់ទី២ សម្រាប់ភូមិវាល មានពលរដ្ឋប្រមាណ១ពាន់គ្រួសារទៀត ដែលស្ម័គ្រចិត្តទទួលយកគោលនយោបាយដោះស្រាយរបស់រាជរដ្ឋាភិបាល៕