(បាត់ដំបង)៖ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានថ្មី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ក្រោមអធិបភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីនេះ ធ្វើឡើងដោយមានការចូលរួមដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងការចូលរួម ពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងមន្រ្តីរាជការ មន្ទីររៀបចំដែនដូនគរូបនីកម្ម សំណង់ និងសុយោដីខេត្តផងដែរ។

ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងនូវការកោតសរសើរដល់លោក អ៊ូ ដារី អតីតប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផែនការ ការងាររបស់មន្ទីរសាម៉ី ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត បានកត់សម្គាល់ឃើញថា មន្ទីរបានខិតខំអនុវត្តការងារការផ្ដល់សេវាសាធារណៈ តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ការងារចុះបញ្ចីដីមានលក្ខណៈជាប្រព័ន្ធការចុះដីបញ្ចីដីធ្លីផ្សេងៗទៀត ព្រមទាំងការដោះស្រាយវិវាទដីធ្លី ទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកបានណែនាំផងដែរថា មន្ទីរជំនាញពាក់ព័ន្ធ ត្រូវពិនិត្យមើលការសាងសង់ ជួសជុលផ្ទះនៅតំបន់អភិរក្ស និងផ្ទះដែលជាផ្ទះបុរាណ ដោយមុននឹងធ្វើការជួស
ជុល ឬសាងសង់ថ្មី ត្រូវតែធ្វើការស្នើសុំដល់មន្ទីរអង្គភាពជុំវិញ ឬ រដ្ឋបាលក្រុង ស្រុក ជាមុនសិន ដើម្បីឱ្យគណៈកម្មការជំនាញចុះពិនិត្យសិក្សាមើល ខ្លាចក្រែងការជួសជុល ឬសាងសង់ផ្ទះបុរាណ ឬផ្ទះដែលស្ថិតក្នុងតំបន់អភិរក្សនោះ ធ្វើឱ្យបានទ្រង់ទ្រាយដើម បង្កើតឱ្យសំណង់ផ្ទះបុរាណកាន់តែបាត់បង់ទៅៗ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវតែធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយ ត្រូវធ្វើការរៀបចំសំណង់អាណាធិបតេយ្យដែលមាននៅក្នុងស្រុកសាម៉ីខ្លួន ត្រូវតែធ្វើការរៀបចំ បើពុំនោះទេបញ្ហាសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយកាន់តែច្រើនៗទៅ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈកាន់តែធ្ងន់ ព្រោះថ្ងៃទៅមុខទៀតបាត់ដំបងនឹងត្រូវបង្កើតជាទីក្រុងឆ្លាតវ័យ ហើយបើសិនជាមិនធ្វើការរៀបចំសណ្ដាប់ធ្នាប់ទេនោះ នោះមិនអាចក្លាយជាទីក្រុងឆ្លាតបានឡើយ។

លោក ឆាន់ សាផាន បានណែនាំដល់លោកប្រធានមន្ទីរថ្មី ដែលទើបតែតែងតាំងនាពេលនេះ ត្រូវតែបន្តបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុនទៀត ក្នុងគោលបំណងដើម្បីបម្រើប្រជាពលរដ្ឋដែលទទួលសេវារបស់ខ្លួនឱ្យកាន់តែល្អ និងបំពេញភាពពេញចិត្តជូនពួកគាត់ ក្នុងមន្រ្ដីក្រោមឱវាទរបស់ខ្លួនក៏ត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ដោយត្រូវតែឧស្សាហ៍ព្យាយាម ត្រូវចេះគោរពស្រឡាញ់ទៅវិញទៅមក និងត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីដំណើរការការងាររបស់ខ្លួនកាន់តែល្អប្រសើរជាងមុន។

លោករដ្ឋលេខាធិការ ក៏បានសំណូមពរឱ្យបង្កើនការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័សជាងមុន ធ្វើយ៉ាងណាប្រជាពលរដ្ឋគាត់សប្បាយចិត្ត និងពេញចិត្តទៅលើការផ្ដល់សេវាជូនពួកគាត់ប្រកបដោយភាពរហ័ស និងត្រឹមត្រូវជាអ្វីដែលប្រជាពលរដ្ឋចង់បាន៕