(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ជាថ្មីម្ដងទៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវផ្ដោតការយកចិត្តទុកដាក់ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៉ាំក្នុងរាងកាយទប់ស្កាត់ពីការវាយលុក នៃជំងឺដ៏កាចសាហាវមួយនេះ។

សារអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសុខាភិបាល» ហើយក្រោយពីលោកស្រីសង្កេតឃើញថា សន្ទុះនៃការទៅចាក់វ៉ាក់សាំងដូសជំរុញរបស់ប្រជាពលរដ្ឋ ហាក់មិនសូវកើនឡើងខ្លាំងបើធៀបនឹងដូសមូលដ្ឋាន។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសារជាថ្មីទៅដល់បងប្អូនប្រជាពលរដ្ឋសូមយកច ិត្តទុកដាក់ខ្ពស់ ពិនិត្យមើលថាតើការចាក់វ៉ាក់សាំងរបស់ខ្លួននេះ បានទៅដល់ដូសទីប៉ុន្មានហើយ។ ឥលូវនេះយើងបោះជំហ៊ានទៅដល់ការចាក់ដូសជំរុញ ទី៣ ទី៤ និងទី៥ ហើយដូសទី៥នេះ យើងទើបចាប់ផ្ដើមនៅត្រីមាសទី២ ឆ្នាំ២០២២នេះ ប៉ុន្ដែដូសទី៣ និងទី៤ បានប្រកាសយូរដែរហើយ»

ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក្រៅពីមន្ដ្រីរាជការស៉ីវិល ដែលត្រូវបានកំណត់ជាកាតព្វកិច្ច ខណៈប្រជាពលរដ្ឋគឺឈរនៅលើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្ដែការស្ម័គ្រចិត្តនេះត្រូវឈរនៅលើមូលដ្ឋានយល់ឲ្យបានច្បាស់លាស់អំពីសារៈសំខាន់របស់វ៉ាក់សាំង។ លោកស្រីតែងតែលើកឡើងថា វ៉ាក់សាំង គឺជាឧបករណ៍មួយដែលជួយសង្គ្រោះអាយុជីវិតរបស់មនុស្សម្នាក់ៗពីជំងឺកូវីដ។

លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់មិនឲ្យប្រជាពលរដ្ឋជឿតាមការឃោសនាអកុសលណាមួយនោះ ពាក់ព័ន្ធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសការចាក់ដូសជំរុញនេះតែម្ដង។ លោកស្រីអះអាងថា ការឃោសនាអកុសលនានាពាក់ព័ន្ធរឿងនេះ មិនមែនទើបតែកើតឡើងនោះទេ ពោលចាប់តាំងពីដំបូងនៅពេលដែលកម្ពុជាផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមកម្ល៉េះ។

បើតាមលោកស្រី ឱ វណ្ណឌីន, បច្ចុប្បន្ននេះកម្ពុជានៅប្រើប្រាស់វ៉ាក់សាំង P-fizer ដែលជាជំនួយតាមរយៈយន្ដការកូវ៉ាក់ ក្នុងនោះមានទាំងសម្រាប់កុមារផងដែរ។ លោកស្រីបន្ដថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ដ្របានបង្ហាញជាបន្ដបន្ទាប់ នូវប្រសិទ្ធភាពនៃការចាក់ដូសជំរុញ ហើយការចាក់ដូសជំរុញនេះ ដែលមានប្រសិទ្ធភាពល្អខ្លាំងនោះ គឺការប្រើប្រាស់នូវប្រភេទវ៉ាក់សាំងខ្វែងគ្នា។

ជាមួយគ្នានេះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច ក៏បានក្រើនរំលឹក និងណែនាំដល់អនុគណៈកម្មការចំពោះកិច្ចរាជធានី-ខេត្ត ត្រូវជំរុញបន្ថែមទៀត ក្នុងការកៀរគរប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញ ហើយត្រូវរៀបចំក្រុមគ្រូពេទ្យដើម្បីចុះចាក់វ៉ាក់សាំង ឬណែនាំប្រជាពលរដ្ឋឲ្យមកទទួលយកវ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាល ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម។

ព្រមពេលដែលកម្ពុជាកំពុងប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ មានខេត្តមួយចំនួនបានរៀបចំចាត់ចែងទីតាំងចល័ត ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជូនប្រជាពលរដ្ឋផងដែរ។ នេះជាអ្វីដែលលោកស្រី បានគូសបញ្ជាក់។

លោកស្រី ឱ វណ្ណឌីន នៅតែអះអាងច្បាស់ៗថា បច្ចុប្បន្នកម្ពុជាប្រើប្រាស់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនេះ គឺជាវ៉ាក់សាំងដែលនៅមានសុពលភាព និងមានប្រសិទ្ធភាព ដោយមិនដែលប្រើប្រាស់នូវវ៉ាក់សាំងណាដែលហួសសុពលភាពនោះទេ ហើយកម្ពុជាក៏គ្មានវ៉ាក់សាំងដែលហួសសុពលភាពនោះដែរ៕