(ភ្នំពេញ)៖ នៅថ្ងៃ៤ ខែមិថុនា ស្អែកនេះ គឺជាខួប ៦៧ឆ្នាំ (៤ មិថុនា ១៩៤៩-៤ មិថុនា ២០១៦) ដែលទឹកដីខ្មែរកម្ពុជាក្រោម ដ៏សម្បូរភោគផលពីធម្មជាតិ ត្រូវបានបារាំងប្រគល់ឲ្យវៀតណាមគ្រប់គ្រង។ ជាមួយនឹងខួប នៃការបាត់បង់ទឹកដីនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន នឹងប្រារព្ធពិធីរំលឹកដល់ថ្ងៃ ដ៏សែនសោកសៅ និងឈឺចាប់មួយនេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ត្រើយម្ខាងមាត់ទន្លេបួនមុខ ទល់មុខព្រះបរមរាជវាំង។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រួមអង្គការសមាគមខ្មែរកម្ពុជាក្រោម ចូលរួមប្រារព្ធពិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះ ឲ្យមានសភាពមហោឡារឹកអធឹកអធម័។ នៅក្នុងថ្ងៃប្រារព្ធពិធីបាត់បង់ទឹកដីជាប្រវត្តិសាស្រ្តនេះ ក៏នឹងមានពិធីរាប់បាត្រព្រះសង្ឃ ១,៩៤៩អង្គ ជាចំនួនឆ្នាំ ដែលបារាំង បានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម ទៅវៀតណាមគ្រប់គ្រង។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនៅក្នុងថ្ងៃប្រារព្ធពិធីរំលឹកខួបថ្ងៃបាត់បង់ទឹកដីនេះ ព្រះមហាក្សត្រខ្មែរ តែងបានចាត់ព្រះរាជតំណាងយាងចូលរួមក្នុងពិធីនេះ។ នៅក្នុងឆ្នាំនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចាត់សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាង។
សូមបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម មានផ្ទៃ ៦៧,៧០០គីឡូម៉ែត្រក្រឡា រាប់ទាំងកោះត្រល់ និងកោះត្រឡាច បែងចែកជា ២១ខេត្ត មានទីក្រុងមួយ គឺក្រុងព្រៃនគរ និងកំពង់ផែទឹកជ្រៅធំមួយ គឺកំពង់ផែអូរកែវ ត្រូវបានបារាំងប្រគល់ទៅឲ្យវៀតណាមកាន់កាប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ បន្ទាប់ពីបានកាន់កាប់ទឹកដីខ្មែរក្រោម វៀតណាម បានព្យាយាមធ្វើទុក្ខបុកម្នេញជាច្រើនលើពលរដ្ឋខ្មែរក្រោម ក្នុងបំណងលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
មានប្រជាពលរដ្ឋខ្មែរជាច្រើន បានរត់ភៀសខ្លួនមករស់នៅលើទឹកដីកម្ពុជា ក៏ដូចជាភៀសខ្លួនទៅប្រទេសទី៣ ដើម្បីគេចផុតពីការកៀបសង្កត់ ជិះជាន់ និងរំលោភបំពានសិទ្ធិផងដែរ៕