(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យហ្វតហេ សហរដ្ឋអាមេរិក (FHSU) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសរួមមួយថា ចាប់ពីចុងឆ្នាំ២០១៦នេះទៅ និស្សិតកម្ពុជាដែលបានសិក្សានៅ AUPP អាចទទួលបានសញ្ញាបត្រ មកពីសហរដ្ឋអាមរិក ខណៈដែលពួកគេសិក្សានៅក្នុងប្រទេសកម្ពុជា ដោយពុំចាំបាច់ចំណាយពេលវេលាទៅសិក្សា នៅសហរដ្ឋអាមេរិកឡើយ។
សេចក្ដីប្រកាសបានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលនិស្សិតកម្ពុជា អាចទទួលបានសញ្ញាបត្រពីសហរដ្ឋអាមេរិក តាមរយៈការសិក្សាទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីសិក្សា ដែលផ្តល់ដោយ សកលវិទ្យាល័យ AUPP និងសកលវិទ្យាល័យ FHSU គឺជាកម្មវិធីដែលនិស្សិតទទួលបានសញ្ញាបត្រចំនួន២ តាមរយៈកម្មវិធី Dual Degree មានន័យថាបន្ទាប់ពីបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងកម្មវិធីសិក្សា៤ឆ្នាំរបស់ខ្លួន និស្សិត AUPP នឹងទទួលបានសញ្ញាបត្រចំនួន២ ក្នុងពេលតែមួយ គឺសញ្ញាបត្រមួយ បានពីសាកលវិទ្យាល័យ AUPP និងមួយទៀត បានពីសាកលវិទ្យាល័យ FHSU។
សូមបញ្ជាក់ថា សកលវិទ្យាល័យ AUPP ក្នុងប្រទេសកម្ពុជា និងសកលវិទ្យាល័យ FHSU ក្នុងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ ដល់និស្សិត AUPP ហើយកិច្ចព្រមព្រៀងនេះ ក៏បានអនុញ្ញាតឱ្យនិស្សិត AUPP ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ FHSU នៅសហរដ្ឋអាមេរិក ចំនួន១ឆមាស ឬ ២ឆមាសផងដែរ។
លោកស្រី Mirta Martin សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ FHSU បានឱ្យដឹងថា «សាកលវិទ្យាល័យ FHSU មានសេចក្តីរីករាយ សម្រាប់ឱកាសដ៏វិសេសវិសាល ក្នុងការចុះកិច្ចព្រមព្រៀងភាពជាដៃគូរនេះ ព្រោះនេះ ជាលើកទីមួយរបស់ខ្ញុំហើយ ជាមួយសាកលវិទ្យាល័យ AUPP នៃកម្ពុជា ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីមានលទ្ធភាពផ្តល់ដល់អ្នកដឹកនាំសាកលជំនាន់ក្រោយនូវការអប់រំ ដែលល្អបំផុត និងមិនត្រឹមតែមានឥទ្ធិពលមកលើជីវិតរបស់ពួកគេ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពិសេសជាងនេះ វានឹងធ្វើឱ្យពួកគេទទួលបាននូវចំណេះដឹង និងគតិបណ្ឌិត ដើម្បីធ្វើឱ្យពិភពលោកមានវឌ្ឍនភាព ជាវិជ្ជមាន»។
លោក Bruce Taylor សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ AUPP បានថ្លែងថា «នេះជាឱកាសដ៏វិសេសវិសាលសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចព្រមព្រៀងជាមួយ សកលវិទ្យាល័យ FHSU នេះ និស្សិតកម្ពុជា និងនិស្សិត ក្នុងតំបន់កាន់តែច្រើនឡើង ហើយក៏នឹងមានលទ្ធភាពទទួលបានការអប់រំ នៅសហរដ្ឋអាមេរិក ហើយនឹងលែងជាក្តី បារម្មណ៍លើការចំណាយខ្ពស់ និងការធ្វើដំណើរឆ្ងាយ ដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិកទៀតហើយ ជាពិសេសយើងរីករាយធ្វើការរួមគ្នាជាមួយ FHSU ដើម្បីផ្តល់នូវកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់បំផុត ដែលនឹងចូលរួមចំណែកផ្តល់ ដល់កម្ពុជានូវធនធានប្រកបដោយការអប់រំ ដែលជាលក្ខខណ្ឌ ចាំបាច់សម្រាប់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព»។
សូមបញ្ជាក់ថា សកលវិទ្យាល័យ FHSU គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលទទួលបានការទទួលស្គាល់គុណភាពអប់រំ នៅសហរដ្ឋអាមេរិក ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សាសហរដ្ឋអាមេរិក (Higher Learning Commission) ដែលមានទីតាំងស្ថិតនៅទីក្រុងហេ នៃរដ្ឋកាន់សាស។ រីឯសកលវិទ្យាល័យ AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណវឌ្ឍខ្ពស់បំផុត ស្របតាមការអប់រំ បែបអាមេរិក និងស្តង់ដារអន្តរជាតិ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០២៣ ៩៩០ ០២៣ ឬអ៉ីមេល: [email protected]