(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចាត់តាំងលោកគង់ វុទ្ធី រួមជាមួយសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការណ៏ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យទំនិញនៅតាមផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
មន្ត្រីសាខាកាំកុងត្រូលបានអោយដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើស្លាកសញ្ញាដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។
លោកគង់ វុទ្ធី ដែលបានចូលរួមចុះធ្វើការត្រួតពិនិត្យជាមួយមន្ត្រីមួយចំនួនទៀតបានថ្លែងប្រាប់អោយដឹងថា មានផ្សារឯកជនចំនួនពីរត្រូវបានចុះត្រួតពិនិត្យរួមមានផ្សារលឹម តាយសេង និងជា សេងទ្រី នៅក្នុងខណ្ឌទួលគោក តែកម្លាំងរបស់លោកមិនបានរកឃើញមានទំនិញល្មើសច្បាប់ដាក់តាំងលក់នោះទេ ហើយខាងម្ចាស់ផ្សារក៏បានសហការ និងទទួលយកនូវការណែនាំពីមន្ត្រីជំនាញផងដែរ។ក្រៅពីផ្សារទាំងពីរខាងលើនេះ លោកនឹងបន្តចុះត្រួតពិនិត្យនៅតាមទីផ្សារផ្សេងៗជាបន្តបន្ទាប់ទៀត៕