(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង ដែលជន់លិចដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិក្រប៉ៅ ឃុំព្រះនិព្វាន ស្រុកគងពិសី។
លោក វ៉ី សំណាង បានថ្លែងថា ចំពោះមុខនៃការជន់លិចផ្ទះរបស់ប្រជាពលរដ្ឋទាំង៣៧ខ្នងនេះ ដោយសារជំនន់ទឹកភ្លៀង ដូច្នេះ ខាងមន្ទីរ និងអាជ្ញាធរមូលដ្ឋានត្រូវតែវាយទម្លាក់ទ្វារតម្កល់ទឹកធ្វើពីបេតុងចំនួន ១ម៉ែត្រ ចេញពីមាត់ទ្វារទឹក ដើម្បីបើកមុខទឹកឱ្យហូរលឿន បញ្ជៀសការជន់ដល់ផ្ទះរបស់ប្រជាពលរដ្ឋបន្ថែមទៀត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាជ្រាបថា នៅថ្ងៃទី២១ និងទី២៧ ខែកញ្ញា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅក្នុងស្រុកគងពិសី នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ដូច្នេះ សូមប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលពិបាកដែលអាចនឹងកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនេះ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ទន្ទឹមនឹងនេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈរកទីទួលមានសុវត្ថិភាព ថ្នាំបង្ការ ក៏ដូចជាពូជស្រូវពូជ ដំណាំឱ្យបានរួចរាល់សម្រាប់ត្រៀមបង្ការជម្លៀសប្រជាពលរដ្ឋដែលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងជាដើម។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធ សម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
ជាមួយគ្នានេនេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបវិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមជូនៗ៕