(បាងកក)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយក នៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតង ក្នុងវិស័យកសិកម្ម និងចំណីអាហារ «Green and Sustainable Finance to Agriculture and Food Sector» ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

កម្មវិធីសិក្ខាសាលា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក៏មានការចូលរួមបើក ពីលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association - APRACA) ផងដែរ។

សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាព ដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតង នៅកម្ពុជា តាមរយៈការដកស្រង់បទពិសោធន៍ ពីបណ្តាប្រទេសផ្សេងៗ។

ទន្ទឹមគ្នានេះ បណ្ឌិត កៅ ថាច ក៏បានដឹកនំាក្រុមការងារបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំ ផលិតផលកសិកម្ម TALAAD THAI ជាពិសេសបន្លែ-ផ្លែឈើក្នុងស្រុក និងពីបរទេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ ហើយដើរតួរនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់ សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើ ផងដែរ។

បន្ទាប់មកទៀត បណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ ARDB ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកធនាគារ BAAC (Bank for Agricultre and Agricultural Cooperatives) នៅស្នាក់ការកណ្តាល នៃ BAAC ក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ជំនួបនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរ លើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រ ដល់វិស័យកសិកម្ម នាពេលអនាគតផងដែរ។

ក្នុងឱកាសទស្សនកិច្ច នៅប្រទេសថៃនេះ បណ្ឌិត កៅ ថាច ក៏បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃ ដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា៕