(ព្រះសីហនុ)៖ ការចុះវាស់វែងដីអនុវត្តតាមសាលក្រមរបៀបមួយ របស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបានពលរដ្ឋតវ៉ាក្រោយការសង្ស័យថា ចំណាត់ការវាស់វែងនោះ បានរងនឹងអំពើអយុត្តិធម៌។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ការចុះវាស់វែងដីជាលើកទី២ អនុវត្តតាមសាលក្រមរបៀបមួយ ក្នុងទីតាំងស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រព្រឹត្តទៅ បន្ទាប់ពីអវត្តមានការចុះវាស់វែងលើកទី១ របស់ភាគីក្រុមហ៊ុន Mohibah Engineering Cambodia Co. Ltd នៃលោកឧកញ៉ា ហាន់ ឃៀង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែក្នុងការចុះវាស់វែងដី ជាលើកទី២នេះ ដោយសារភាពសង្ស័យអយុត្តិធម៌ ត្រូវបានពលរដ្ឋតវ៉ាទាមទារសូមឲ្យបញ្ឈប់។
ការចុះវាស់វែងដីតាមចំណាត់របៀបនេះ តម្រូវឲ្យមានការវាស់ទំហំដីពីក្រុមហ៊ុនមានទាំងអស់ នោះសិនចំនួន៨៦ហិកតា ដោយមិនត្រូវមកប៉ះពាល់មកលើដីប្រជាពលរដ្ឋ ដែលកំពុងរស់នៅនោះសិនទេ ដើម្បីចង់ដឹងថា តើដីរបស់ក្រុមហ៊ុនដែលអះអាងថា បានទទួលសិទ្ធិវិនិយោគ ចំនួន៨៦ហិកតានោះ មានទំហំពិតប្រាកដប៉ុណ្ណា?
ប៉ុន្តែក្នុងការចុះវាស់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នោះ ស្រាប់តែក្រុមហ៊ុនបានបំពានដោយធ្វើការវាស់ដី ដែលពលរដ្ឋកំពុងរស់នៅពិតប្រាកដទៅវិញ ដែលជាដីពលរដ្ឋបានរស់នៅមុនក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះទៅទៀត។
មេធាវីការពារដីពលរដ្ឋ លោកស្រី អ៊ុក ចិន្តា បានថ្លែងថា ដោយសារតែមានការជំទាស់ពីពលរដ្ឋនោះហើយ ទើបក្រុមការងារសម្រេចផ្អាកកិច្ចការវាស់វែងនេះសិន។ លោកស្រីមេធាវី អ៊ុក ចិន្តា ដែលការពារដីពលរដ្ឋបានថ្លែងថា លោកស្រីជឿថាយុត្តិធម៌ នឹងត្រូវបានផ្តល់ចំពោះពលរដ្ឋ។
ទំនាស់ដីនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ ជាទំនាស់រ៉ាំរ៉ៃជាច្រើនឆ្នាំ ដោយក្រុមហ៊ុនធ្លាប់បានប្រើអំពើហិង្សា ដាក់មកលើប្រជាពលរដ្ឋនៅទីនោះជាច្រើនដងដោយ ការប្រើគ្រឿងចក្រឈូសឆាយដី បើទោះបីជាមានលិខិតអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដើម្បីការស្វែងរកយុត្តិធម៌ក៏ដោយ។
ករណីវិវាទដីធ្លីនេះ ត្រូវក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ធ្លាប់បានចេញលិខិតមួយជូនដំណឹងអភិបាលខេត្តព្រះសីហនុ ឲ្យធ្វើការចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋក្នុងភូមិ ស្មាច់ដែងនោះ ដោយហេតុថា យោងតាមឯកសារដែលពាក់ព័ន្ធ និងការពិតបានបង្ហាញថា ពលរដ្ឋពិតជាបានកាន់កាប់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ២០០៧មក និងដីនោះ មិនមែនជា ដីដែលពលរដ្ឋបានរំលោភយកពីក្រុមហ៊ុននោះមកទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលមានដីត្រូវបានក្រុមហ៊ុនរំលោភនៅទីនោះ បានលើកដៃអង្វរករដល់ប្រមុខរាជរដ្ឋាភិបាល សុំការរកយុត្តិធម៌ដល់ប្រជាពលរដ្ឋនៅទីនោះ៕