(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០៤ នៅវត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើ ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការកាន់វេនទី០៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ថ្នាក់ដឹកនាំខេត្តបានផ្ដួចផ្ដើមគំនិតមូលមតិគ្នា ជាមួយនឹងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី ០៤ នៅវត្តភ្នំស្រះកែវមុន្នីវណ្ណហៅវត្តលើដោយបាននាំយកទៅជាមួយបច្ច័យ បាយសម្ល នំ ចំណី និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទុកជាចង្ហាន់ ដែលគង់ចាំព្រះវស្សានៅទីអារាមនោះ ។
ពិធីបុណ្យកាន់បិណ្ឌរបស់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីខ្មែរតតាំងពីបុរាណកាលមកដោយ ថ្នាក់ដឹកនាំទាំងអស់ និងពុទ្ធបរិស័ទ បានអញ្ចើញអុជធូប បួងសួងសុំសេចក្តីសុខ និងបានរាប់បាត ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ ៧ សណ្តានដែលបានធ្វើមរណកាល ទៅហើយនោះ។
អត្ថប្រយោជន៍នៃពិធី បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យសុខ និងវិនាសផងដែរ។
គួរបញ្ជាក់ផងដែរ ក្នុងពិធីកាន់បិណ្ឌទី០៤ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និង ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាងក្នុងវត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើ ចំនួន៦លាន៤១ម៉ឺនរៀល ផងដែរ៕