(កណ្តាល)៖ លោក តូច ចាន់នី អគ្គសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឲ្យមន្ត្រីដែលបានបម្រើការងារនៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្ល័សស្មារតី បន្តយកចិត្តទុកដាក់ថែទាំដល់បងប្អូនជាជនវិបល្លាសស្មារតីឲ្យពួកគេទទួលសេវាសមស្របទៅ តាមកម្មវិធី ដែលមជ្ឈមណ្ឌលផ្តល់ជូនពួកគាត់។
ការអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចនាពេលនេះ បានធ្វើឡើងខណៈលោក និងលោកស្រី ព្រមទាំងសហការី បានរៀបចំកម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណខន្ធបងប្អូន ចែកឋាន សម្រាប់បងប្អូន ជនវិល្លាសស្មារតី និងជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកដ្ឋាន ព្រមទាំងបានប្រគេនចង្ហាន់ រាប់បាត និងទេយ្យវត្ថុដល់ព្រះសង្ឃក្នុងមួយអង្គៗមានសា្លដក់១ និងបច្ច័មួយចំនួន មានភេសជ្ជះ ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាដល់ លោកតាជី យាយជីមួយចំនួនផងដែរ នៅក្នុងមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទា ជនវិបល្ល័សស្មារតី ដែលមានទីតាំងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ឆ្លៀតឱកាសនោះ លោក តូច ចាន់នី លោកស្រី ព្រមទាំងសហការី ក៏បានរៀបចំធ្វើម្ហូបអាហារជូនដល់បងប្អូន ជាលក្ខណៈគ្រួសារ និងបានទទួលអាហារជុំគ្នា ហើយបងបងប្អូនបាន គោរពថ្លែងអំណរគុណដល់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ដែលបានរៀបចំធ្វើអាហារជូនដល់ពួកគាត់៕