(យូហ្គយ៉ាការតា, ឥណ្ឌូនេស៉ី)៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេស G20 រួចមក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅទស្សនកិច្ច ពិនិត្យ និងឈ្វេងយល់អំពីការធ្វើកំណាយបុរាណវិទ្យារបស់ក្រុមបុរាណវិទូ នៃក្រសួងវប្បធម៌ឥណ្ឌូនេស៉ី ដែលស្ថិតនៅទីតាំង នៃតំបន់ប្រាសាទបូរូប៊ូឌូ (Borobudur) នាទីក្រុងយូហ្គយ៉ាការតា ប្រហែល ១៥០ម៉ែត្រ ពីមាត់ស្ទឹងបុរាណ ដែលជាតួខឿនប្រាសាទ ដែលធ្វើអំពីដីឥដ្ឋដុតឆ្អិនទំហំប្រហែល ១៦ម៉ែត្របួនជ្រុង។
ប្រាសាទបាក់បែកនេះ ត្រូវបានរកឃើញដោយជនជាតិហូឡង់ (Dutch) និងបានចុះបញ្ជីតាំងពីសម័យអាណានិគមរបស់ខ្លួន មកលើប្រទេសឥណ្ឌូនេស៉ីមកម្លេះ ក៏ប៉ុន្តែក្រោយពីសម័យអាណានិគមមក ប្រាសាទនេះត្រូវបោះបង់ចោល រួចបន្ទាប់មកក្លាយជាដីភូមិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ទើបតែខែសីហា ឆ្នាំ២០២២នេះ រដ្ឋាភិបាលឥណ្ឌូនេស៉ី សម្រេចចិត្តធ្វើកំណាយ ដើម្បីថែរក្សា គាំពារ និងជួសជុលឡើងវិញ។ ការធ្វើកំណាយសង្គ្រោះប្រាសាទនេះ ទើបប្រើពេលបាន២០ថ្ងៃ នៅឡើយ ដោយក្រុមបុរាណវិទូបានប្រទះឃើញរូបបដិមាករព្រហ្មញ្ញសាសនា ០១ព្រះអង្គ ធ្វើអំពីថ្មភ្នំ។
សូមជម្រាបថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី «វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព» (Culture for Sustainable Living) តំបន់វប្បធម៌ បូរូប៊ូឌូ ទីក្រុងយូហ្គយ៉ាការតា នៃប្រទេសឥណ្ឌូនេស៉ី៕